ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជួបសុខទុក្ខ នាំយកអំណោយ និងជូន លោកយាយ ជុំ យ៉េន អាយុ ៨២ឆ្នាំ ចេញពីពន្ធនាគារ ទៅដល់គេហដ្ឋានស្ថិតនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំ ។
យោងតាមដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូលនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានយល់ឃើញថា ឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ មានវ័យចាស់ជរា គិតមកទល់នឹងពេលនេះមានអាយុ៨២ឆ្នាំហើយ។ ហេតុនេះតាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌ នៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិនៃមាត្រា៤៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
ដីកាសម្រេចសភាព្រហ្មទណ្ឌតុលាការកំពូល បានបញ្ជាក់យ៉ាងដូច្នេះថា៖
ទី១៖ ទទួលបណ្ដឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ និងបញ្ជូនសំណុំរឿងព្រហ្មទណ្ឌ នៃបណ្តឹងសើរើលេខ ៣៩ ស.រ ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ របស់តុលាការកំពូលទៅ សភាពេញអង្គនៃតុលាការកំពូលជាសមត្ថកិច្ច។
ទី២៖ ព្យួរការអនុវត្តទោសលើទណ្ឌិតឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ ដែលមានក្នុងសាលក្រមព្រហ្មទណ្ឌលេខ ៣០ “ខ” ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ៕








