ពាក់ព័ន្ធការចាប់ខ្លួនទណ្ឌិតឈ្មោះ ជុំ យ៉េន គឺអយ្យការអមសាសាដំបូងខេត្តតាកែវ បានចេញដីកាបង្គាប់ ចាប់ខ្លួន ដោយយោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០ (ខ) ចុះថ្ងៃទី០៥ ខែ កក្កដា ឆ្នាំ២០២៣ របស់ សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល ៨ (ប្រាំបី) ខែ ពីបទ ធ្វើឱ្យខូចខាតដោយចេតនា និង ធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ ប្រព្រឹត្តនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែល មានចែងឱ្យផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា ៤១០ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ ។
ចំពោះការអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនទណ្ឌិតខាងលើ អយ្យការអមសាលាដំបូងខេត្តតាកែវ ធ្វើឡើងតាមអំណាចសាលក្រម ដែលបានចូលស្ថាពរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ចំណែកតួនាទីរបស់អយ្យការគឺធានាការអនុវត្តសាលក្រមស្ថាពររបស់សាលាដំបូងប៉ុណ្ណោះ រីឯសេចក្តីសម្រេចនៃសាលក្រម គឺតុលាការជាអ្នកសម្រេច ។ ជាមួយគ្នានេះដែរ អយ្យការអមសាលាដំបូងខេត្តតាកែវ សូមបញ្ជាក់ថាក្នុងករណីនេះសាមីខ្លួនជាទណ្ឌិត ឈ្មោះ ជុំ យ៉េន បានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដោយបានប្ដឹងសើរើទៅតុលាការកំពូលរួចហើយដែរ ហើយបច្ចុប្បន្ន សាមីខ្លួន កំពុងរង់ចាំសេចក្តីសម្រេចពីតុលាការកំពូល ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ។






