ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤នេះ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ សាលាគណរាជធានីភ្នំពេញ បានប្រគល់ទេយ្យទានជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលអញ្ជេីញទៅទទួលដោយ ឯកឧត្តម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា ។
នាឱកាសនោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានមានព្រះថេរដីកាសោមនស្សរីករាយយ៉ាងក្រៃលែង ក្នុងការចូលរួមចំណែកជាមួយការងារមនុស្សធម៌ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ តាមរយៈសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
ជាការឆ្លើយតប ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម សុខ ពេញវុធ និងលោក ជិន ប៊ុនធឿន បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ក៏ដូចជាសាលាគណរាជធានីភ្នំពេញទាំងមូល ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមទៀតនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម ។ គណៈអធិបតីក៏បានទូលប្រគេនពីសកម្មភាពការងារមនុស្សធម៌ដែលសាខាបានអនុវត្ត និងកំពុងបន្តអនុវត្ត នៅតាមវិស័យស្នូលទាំង៤រួមមាន៖
១.ការគ្រប់គ្រងគ្រោះមហន្តរាយ ២.សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣.លេីកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា ៤.ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍធនធាន ជាពិសេសបានជម្រាបពីប្រភពចំណូលផ្សេងៗរបស់សាខា ក្នុងនោះមិនអាចកាត់ផ្តាច់បានពីការចូលរួមពីសំណាក់សប្បុរសជននានា ជាពិសេសគឺព្រះសង្ឃនៅតាមបណ្តាវត្តអារាម ។
ចុងបញ្ចប់ គណៈអធិបតី ក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលសាខាទទួលបានពីសាលាគណរាជធានីភ្នំពេញរួមមាន៖ អង្ករ៣តោន មី១៥០កេស ទឹកផ្លែឈើ៥៥កេស ទឹកក្រូច៥៥កេស ទឹកសុទ្ធ៨០កេស ទឹកដោះគោ២០០កំប៉ុង ស្ករស២០៦គីឡូក្រាម ត្រីខ៤៩០កំប៉ុង តែ៣០០កញ្ចប់ ទឹកស៉ីអ៉ីវ៤៨០ដប ទឹកត្រី៤៨០ដប និងថវិកាចំនួន១០លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មេីនឹងចំនួន៣១.១៩៨.០០០រៀល ៕