ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងឯកឧត្តមតាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញអមដំណើរ ឯកឧត្តម ថេង ច័ន្ទសង្ខារ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
ពិធីនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជ្ញអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកស្នងការ លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោកនាយករដ្ឋបាលសាលាខេត្តលោក លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត លោក លោកស្រីមេឃុំ ចៅសង្កាត់ យុវជនគ្រប់ប្រភេទ សរុបប្រមាណ៤៣០នាក់។
សូមជម្រាបថា ផ្អែកតាមអនុក្រឹត្យលេខ ១១១៣ អនក្រ.តត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតែងតាំង លោក ព្រាប សុផាត អត្តលេខ ១៧៧២១០០១៧៦ ឋានន្តរស័ក្តិឧត្តម មន្ត្រី ថ្នាក់លេខ ៣ នៃក្របខណ្ឌមន្ត្រី គ្រប់គ្រងរដ្ឋបាលជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពត៕
ប្រភព៖ រដ្ឋបាលខេត្តកំពត