ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន ធឿន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ពេជ្រ កែវមុនី អភិបាលរងខេត្ត បានអញ្ជើញជាធិបតីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៤ ស្ថិតនៅសាលាស្រុករលាប្អៀរ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំទាំង១៤ និងតំណាងប្រជាពលរដ្ឋសរុប២៩៣នាក់។
ឯកឧត្តម ម៉ែន ធឿន បានថ្លែងថា វេទិកានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលមតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកពិភាក្សាស្រាយបំភ្លឺ និងធ្វើការដោះស្រាយឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដែលបានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការនៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឱ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗ ឆ្លើយតបទៅនឹងសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ឯកឧត្តមបានបន្តថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះបើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ និងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាលនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ។
បន្ថែមលើសពីនេះ ឯកឧត្តមបានលើកឡើងថា តាមរយៈវេទិកានេះនឹងផ្ដល់ឱកាសដល់អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់មានសិទ្ធិស្មើគ្នា ក្នុងការចូលរួមទទួលព័ត៌មានអំពីសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន ហើយថែមទាំងអាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរនានាដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួនមកកាន់អាជ្ញាធរ ក៏ដូចជា៖ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ដើម្បីធ្វើការពិនិត្យពិភាក្សាដោះស្រាយជូនឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
សូមបញ្ជាក់ថា អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ បានទទួលសំណូមពរ ពីប្រជាពលរដ្ឋចំនួន ២៧ករណី ក្នុងនោះ ផ្ទាល់មាត់២១ ចំនួនហើយអង្គវេទិកាបានដោះស្រាយបាន២៥ករណី មិនទាន់ដោះស្រាយ០១ករណី៕























