ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត

សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកតាន់ស្រ៊ី​ មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ

នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពីដំណើរការនៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅកម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និងបណ្ដាប្រទេសជាច្រើនទៀតនៅក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និងវិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និងសក្ដានុពលនៃការវិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏មានបំណងវិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោកប្រធានវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ​ និងភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀត

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់​កាល​ទី​១​ ដេីម្បី​កំណើន​ ការងារ សមធម៌ប្រសិទ្ធភាព​ និងចីរភាព។  សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ការជំរុញកំណើនសេដ្ឋកិច្ច គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យឯកជនបានដើរតួនាទីគន្លឹះក្នុងការបង្កេីតការងារ​ ដេីម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែល្អប្រសេីរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលេីកទឹកចិត្តដើម្បីធានាបរិយាកាសវិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានានូវភាពជោគជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា។

នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានប្រគល់ពានរង្វាន់ “ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក” ជូនសម្ដេចបវរធិបតី ផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close