ក្រៅពីការចុះបញ្ជីដីនៅរាជធានីភ្នំពេញ មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ បានចូលរួមក្នុងការចុះបញ្ជីដីធ្លីបង្ហើយនៅខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ បាននិងកំពុងឆ្លើយតបទៅនឹងគោលនយោបាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការបញ្ចប់បញ្ហាចម្រូងចម្រាសក្នុងសង្គម តាមរយៈការចុះបញ្ជីដីធ្លីបង្ហើយ បង្កើតបរិយាកាសគ្មានវិវាទ និងសេវាគាប់ចិត្ត។
សូមគូសបញ្ជាក់ថា ក្រៅពីការចុះបញ្ជីដីនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០២៣ មកដល់បច្ចុប្បន្ន មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ បានចូលរួមក្នុងការចុះបញ្ជីដីធ្លីបង្ហើយនៅខេត្តកំពង់ស្ពឺ និងសម្រេចបានការវាស់វែង និងបញ្ចូលទិន្នន័យបាន ២៧០ ០០០ក្បាលដី បិទផ្សាយទិន្នន័យបាន ២៦០ ០០០ក្បាលដី ចេញបណ្ណបាន ២២០ ០០០បណ្ណ និងចែកបណ្ណដល់ដៃប្រជាពលរដ្ឋបានចំនួន ១៤៣ ០០០បណ្ណ។
ដោយឡែក មន្ទីរ ដ.ន.ស.ស. រាជធានីភ្នំពេញ បានចូលរួមក្នុងការចុះបញ្ជីតាមប្រព័ន្ធអនឡាញនូវមុខសេវាចាំបាច់មួយចំនួនដូចជា លក់ផ្តាច់ អំណោយផ្តាច់ ហ៊ីប៉ូតែក បញ្ចាំ ព្រមទាំងលុបបន្ទុកផងដែរ។ ជាមួយគ្នានេះ មន្ទីរក៏បាននឹងកំពុងខិតខំកសាងផែនទីវាយតម្លៃអចលនវត្ថុក្នុងក្របខណ្ឌរាជធានីក៏ដូចជាទូទាំងប្រទេស ដើម្បីដោះស្រាយនូវបញ្ហាស្មុគស្មាញ លើការគ្រប់គ្រងពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងបញ្ចប់នូវភាពអសកម្មលើកម្ចីអចលនទ្រព្យ ពាក់ព័ន្ធនឹងការវាយតម្លៃអចលនវត្ថុថែមទៀតផង។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤។