អនុរដ្ឋមន្ត្រីការបរទេសន័រវែសប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឯកឧត្តម Andreas Motzfeldt Kravik អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។ 

ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសន័រវែសបានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំយ៉ាងល្អនូវកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី “ពិភពលោកមួយដែលគ្មានមីន” ព្រមទាំងបានកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ជាពិសេសការសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់លើវិស័យបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ  ដែលជាបទពិសោធន៍ដ៏ល្អសម្រាប់បណ្ដាប្រទេសលើពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងន័រវែស-កម្ពុជាឱ្យកាន់តែល្អថែមទៀត​ ជាពិសេស​ ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអរគុណឯកឧត្តមអនុរដ្ឋមន្ត្រី និងគណៈប្រតិភូដែលបានចូលរួមកិច្ចប្រជុំកំពូល និងបានថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលន័រវែសដែលបានចូលរួមចំណែកដល់​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា, សកម្មភាពភាពបោសសម្អាតមីននៅកម្ពុជា និងការជួយគាំទ្រដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ សម្ដេចបវរធិបតីក៏បានសម្ដែងនូវការរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ន័រវែស និងស្វាគមន៍ចំពោះការប្ដេជ្ញាចិត្តរបស់ឯកឧត្តមអនុរដ្ឋមន្ត្រីក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-ន័រវេស ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម។ សម្ដេចបវរធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីក៏បានពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនក្នុងតំបន់ និងសកលលោក ផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close