ខេត្តសៀមរាប៖ នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានចុះធ្វើអភិបាលកិច្ច ពេលយប់នេះ ដើម្បីវាយតម្លៃការបម្រើសេវាសុខាភិបាលសាធារណៈ២៤ម៉ោងលើ៧ថ្ងៃ។
ការផ្តួចផ្តើមនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់សម្រាប់សុខភាពប្រជាពលរដ្ឋ និងលេីកទឹកចិត្តបុគ្គលិកសុខាភិបាល អោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈ លះបង់ដើម្បីបម្រើប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគ្មានការរើសអើង ជាពិសេសការប្រើប្រាស់ប័ណ្ណក្រីក្រ និង ប ស ស ។
មណ្ឌលសុខភាព ចំនួន ៣ កន្លែងក្នុងទឹកដីអង្គរនៃខេត្តសៀមរាប ដែល រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានចុះពិនិត្យដោយផ្ទាល់ រួមមាន៖
១) មណ្ឌលសុខភាពមណ្ឌល១ វេលាម៉ោងប្រមាណ ៩យប់
២)មណ្ឌលសុខភាព នគរធំ វេលាម៉ោងប្រមាណ ១០យប់
៣) មណ្ឌលសុខភាពអង្គរធំ វេលាម៉ោងប្រមាណ ១១យប់។
កំឡុងការចុះពិនិត្យនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានឱ្យជំនួយការម្នាក់ ដើរតួជាអ្នកជំងឺនាពេលនោះ។
មណ្ឌលសុខភាពទាំង៣ ខាងលើ មានមន្រ្តី និងបុគ្គលិកសុខាភិបាលប្រចាំការ ដែលមានឥរិយាបទអកប្បកិរិយាសមរម្យ និង អនាម័យសមស្រប។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីនៅមណ្ឌលសុខភាព ត្រូវខិតខំពង្រឹង និងបង្កើនសមត្ថភាពបច្ចេកទេសថែទាំព្យាបាល រួមទាំងអនាម័យ និងបរិស្ថានជុំវិញ ឥរិយាបថនិងការនិយាយស្តីគួរសម សុជីវធម៌បន្ថែមទៀត។
ជាចុងក្រោយ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណ និងកោតសរសើរដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញការងារក្នុងនាមវិជ្ជាជីវៈគ្រូពេទ្យ ដោយសេចក្តីថ្លៃថ្នូរ។














