កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ បានទទួលសេវាពិនិត្យសុខភាព និងព្យាបាលដោយឥតគិតថ្លៃជាថ្មីម្ដងទៀតពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA)
ខេត្តបន្ទាយមានជ័យ៖ ដោយមានការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពីសុខភាពរបស់កងទ័ព គ្រួសារកងទ័ព និងបងប្អូនប្រជាពលរដ្ឋរស់នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ សរុបចំនួន ២៨៥១នាក់ ស្មើនឹង ៤៦១៩ករណី ស្ថិតនៅក្នុងបរិវេណមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ។
មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិរបស់សមាគម បានគូសបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្ខិតសេវាព្យាបាលជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ជាក់ស្ដែងថ្ងៃនេះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានចុះពិនិត្យ និងព្យាបាលជំងឺជូនរួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម, និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ ប្រកបដោយបេះដូង ទឹកចិត្តមនុស្សធម៌ និងស្នាមញញឹម ដែលសកម្មភាពនេះ បានបង្កើតឡើងអស់រយៈពេល១២ឆ្នាំមកហើយ។
ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេកចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានដឹកនាំក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលសុខភាពរបស់ពួកគាត់ស្ទើរតែដល់ខ្នងផ្ទះ និងមិនមានការបង់ថ្លៃអ្វីទាំងអស់។
សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានបញ្ជូនបន្តករណីអ្នកជំងឺធ្ងន់ធ្ងរមកព្យាបាលបន្តមានចំនួន ២៤នាក់ រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះគឺឧបត្ថម្ភដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយផ្ទាល់ នេះគឺជាទឹកចិត្តមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋ។
សកម្មភាពមនុស្សធម៍នៅក្នុងថ្ងៃនេះផងដែរ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រំាពីសំណាក់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ យុវជន កាកបាទក្រហមកម្ពុជា, យុវជន ស.ស.យ.ក, យុវជន អ.ម.ត, ក្រុមហ៊ុនLG ក្រុមហ៊ុនABA Bank និងផ្នែកពាក់ព័ន្ធដទៃទៀត។
ក្នុងឱកាសនេះផងដែរ ក្រៅពីការពិនិត្យ និងព្យាបាលជំងឺ សមាគមក៏បានចែកជូននៅ សៀវភៅ ប៊ិច ម៉ាស និងច្រាសដុសធ្មេញ ដល់សិស្សានុសិស្សមួយចំនួនទៀតផងដែរ។