ជូនដំណឹងលើកទី២ ពីការរុះរើសំណង់រឹងមាំរបងថ្ម របងស័ង្កសី រោងឈើ រោងដែក និងសម្ភារះផ្សេងៗ ចេញពីប្រឡាយបង្ហូរទឹកសាធារណៈ
រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋម្ចាស់ក្បាលដីដែលមានព្រំដីជាប់សង ខាងប្រឡាយបង្ហូរទឹកសាធារណៈទទឹង ៥ម៉ែត្រ (ប្លង់គោលរាជធានីភ្នំពេញ) ស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឲ្យបានជ្រាបថា ក្រុមការងារចម្រុះរដ្ឋបាលខណ្ឌ បានចុះវាស់វែង បាញ់ថ្នាំ និងបោះបង្គោល កំណត់ព្រំប្រឡាយសាធារណៈទទឹង ៥ម៉ែត្រ នៅផ្នែកខាងក្រោយក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋរួចរាល់ហើយ និង ពិនិត្យឃើញថាក្បាលដីរបស់ប្រជាពលរដ្ឋមួយចំនួនបានសាងសង់សំណង់រឹងមាំ របងថ្មី របងស័ង្កសី រោងឈើ រោងដែក និងទុកដាក់សម្ភារៈផ្សេងៗលើដីប្រឡាយសាធារណៈនេះ ។ កន្លងមក រដ្ឋបាលខណ្ឌ បានជូនដំណឹងតាមរយៈលិខិតលេខ ៥០៧/២៤ សជណ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌឫស្សីកែវ ដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ឋ ទាំងអស់ឲ្យធ្វើការរុះរើសំណង់រឹងមាំ របងថ្ម របងស័ង្កសី រោងឈើ រោងដែក និងសម្ភារៈផ្សេងៗចេញទៅតាមគំនូស ដែលក្រុមការងាររដ្ឋបាលខណ្ឌបានចុះបាញ់ថ្នាំកំណត់រួច ដោយទុករយៈពេល ១០ថ្ងៃ ក្នុងការអនុវត្ត ប៉ុន្តែរហូតមកដល់ ពេលនេះ មានបងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធមួយចំនួនតូចប៉ុណ្ណោះដែលបានស្ម័គ្រចិត្តរុះរើសំណង់-សម្ភារៈផ្សេងៗចេញផុត ពីដីប្រឡាយសាធារណៈ ហើយប្រជាពលរដ្ឋមួយចំនួនទៀតមិនទាន់បានអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌ នៅ ឡើយទេ ។
ជាថ្មីម្តងទៀត ដើម្បីអាចឲ្យក្រុមការងាររដ្ឋបាលខណ្ឌ មានលទ្ឋភាពចូលគ្រឿងចក្រឈូសឆាយបើក និងស្តារ ប្រឡាយសាធារណៈទទឹង ៥ម៉ែត្រ ប្រព្រឹត្តទៅបានដោយរលូន និងអាចរក្សាទំហំប្រឡាយសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមប្លង់គោលរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសបញ្ចៀសការជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋដែលរស់នៅជុំ វិញ រដ្ឋបាលខណ្ឌ ស្នើឲ្យប្រជាពលរដ្ឋម្ចាស់ក្បាលដីជាប់ពាក់ព័ន្ឋព្រំដីប្រឡាយនេះ ត្រូវធ្វើការរុះរើសំណង់រឹងមាំ របងថ្ម របងស័ង្កសី រោងឈើ រោងដែក និងសម្ភារៈផ្សេងៗចេញទៅតាមគំនូសដែលក្រុមការងាររដ្ឋបាលខណ្ឌ បានចុះបាញ់ថ្នាំ
កំណត់រួចរាល់ ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ ទទួលបានសេចក្តីជូនដំណឹងនេះ រដ្ឋបាលសង្កាត់ឫស្សីកែវ ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពាក់ព័ន្ឋឲ្យ បានជ្រួតជ្រាប និងចូលរួមសហការអនុវត្តឲ្យទទួលបានប្រសិទ្ធភាពខ្ពស់។