និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ម្នាក់ ទៅចូលរួមពិធីប្រគល់សញ្ញាបត្រ បាត់ម៉ូតូ ទទួលបានម៉ូតូថ្មី ១គ្រឿងពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ!
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជួបសំណេះសំណាលជាមួយប្អូនប្រុស ហេង គឹមហុង និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្រុមគ្រួសារ ករណី បាត់ម៉ូតូ ចំនួន១គ្រឿង កាលពីម្សិលមិញនេះ។
ប្អូនប្រុស ហេង គឹមហុង មានទីលំនៅខេត្តរតនគិរី បានបាត់ម៉ូតូ ១គ្រឿង ក្នុងឱកាសចូលរួមពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
ដើម្បីជួយសម្របសម្រួលដល់ការធ្វើដំណើររបស់ប្អូនប្រុស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី បានឧបត្ថម្ភម៉ូតូ ចំនួន ១គ្រឿង និងថវិកាមួយចំនួន ជូនដល់ប្អូនប្រុស និងក្រុមគ្រួសារផងដែរ៕