រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រើនរំលឹកដល់ អភិបាលរាជធានីខេត្ត ត្រួតពិនិត្យឡើងវិញ ទៅលើមូលដ្ឋានសុខាភិបាលឯកជន ទាំងអស់…!
ភ្នំពេញ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការពង្រឹងនិយ័តកម្មសេវាសុខាភិបាលឯកជន និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលនៅតាមមូលដ្ឋានសេវា សុខាភិបាលឯកជន និងការលុបបំបាត់សេវាសុខាភិបាលឯកជន ខុសច្បាប់ តាមបណ្តារាជធានី ខេត្ត។
យោង ៖ អនុក្រឹត្យលេខ១៩៣ អនក្រ.បក ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ របស់ រាជរដ្ឋាភិបាល ស្តីពីការប្រគល់ មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមជម្រាបជូន ឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា ដើម្បីធានាសេវាថែទាំសុខភាពឱ្យបានត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់ ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ធ្វើការត្រួតពិនិត្យឡើងវិញទៅលើមូលដ្ឋានសុខាភិបាលឯកជនទាំងអស់តាមវិធានដូចខាងក្រោម៖
ធ្វើការត្រួតពិនិត្យជាបន្ទាន់ និងបន្តត្រួតពិនិត្យជាទៀងទាត់លើមូលដ្ឋានសុខាភិបាលឯកជន ទាំងអស់ដែលកំពុងផ្តល់សេវាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយពិនិត្យមើលលិខិតអនុញ្ញាត បើកសេវាឯកជន អាជ្ញាប័ណ្ណគណៈវិជ្ជាជីវៈ សញ្ញាបត្រវិជ្ជាជីវៈរបស់បុគ្គលិកបច្ចេកទេស ការ អនុវត្តតាមបទដ្ឋានបច្ចេកទេស និងឯកសារប្រើប្រាស់សម្រាប់អ្នកជំងឺ។ល។ បញ្ឈប់មិនឱ្យដំណើរការរាល់ទីតាំងផ្តល់សេវាសុខាភិបាលឯកជន ឬឱសថស្ថានគ្មានច្បាប់ អនុញ្ញាត ដើម្បីធានាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរាជធានី ខេត្តរបស់ខ្លួន
ពិនិត្យគុណភាពឱសថ និងការថែរក្សាទុកដាក់ឱសថដែលមានបញ្ជីកាត្រឹមត្រូវ។ ធ្វើរបាយការណ៍បច្ចុប្បន្នភាពនៃការចុះត្រួតពិនិត្យមូលដ្ឋានសុខាភិបាលឯកជនមកក្រសួង សុខាភិបាលឱ្យបានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ទៀងទាត់រៀងរាល់ត្រីមាស។ ធ្វើការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋចូលរួមរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចអំពី មូលដ្ឋានសុខាភិបាលឯកជនដែលមិនប្រក្រតី សង្ស័យថាគ្មានច្បាប់អនុញ្ញាត និងបញ្ញាបព័ត៌មាន អំពីហានិភ័យ និងអសុវត្ថិភាពនៃការផ្តល់ និងទទួលសេវាព្យាបាលពីមូលដ្ឋានសុខាភិបាល ឯកជនដែលគ្មានច្បាប់អនុញ្ញាត និងគ្មានវិជ្ជាជីវៈ។
សហការជាមួយគណៈវិជ្ជាជីវៈទាំងអស់ក្នុងការត្រួតពិនិត្យទីតាំងផ្តល់សេវាសុខាភិបាលឯកជន ដែលមានការសង្ស័យថាគ្មានច្បាប់អនុញ្ញាត និងមិនអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងធ្វើ ការអប់រំជាទូទៅដល់មន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និង ត្រូវអនុវត្តតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ មេត្តាយកចិត្តទុកដាក់ក្នុងស្មារតីអនុវត្តតាម គោលការណ៍វិមជ្ឈការ និងវិសហមជ្ឈការ ចាត់វិធានការពង្រឹងការធ្វើនិយ័តកម្មសេវាសុខាភិបាលឯកជន និង អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនដែលមិនស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យ សុខាភិបាល ព្រមទាំងធ្វើការលុបបំបាត់សេវាសុខាភិបាលឯកជនខុសច្បាប់ដូចបានជម្រាបជូនខាងលើក្នុងដែន សមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់។
សូម ឯកឧត្តម លោកជំទាវអភិបាល នៃគណ:អភិបាលរាជធានី ខេត្ត ទទួលនូវការ រាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ។