រដ្ឋមន្រ្តីក្រសួងសុខាភិបាល «អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកសម្ភព និងរោគស្រ្តី ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្រ្គោះអាយុជីវិតមាតា និងទារក»

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិចិ្ឆកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីពិធីបើកទិវាលើកទី២៣ នៃសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី”។

នាពិធីបើកទិវាវិទ្យាសាស្ត្រនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានគូសរំលេចអំពីការដែលក្រសួងសុខាភិបាលបានប្រកាសដាក់ចូល នាពេលថ្មីៗ កាលពីថ្ងៃទី០៥ តុលា ២០២៣ កន្លងទៅ នូវ«ការចាក់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនលើកុមារីអាយុ៩ឆ្នាំ និងដាក់ចូលក្នុងកម្មវិធីចាក់ថ្នាំបង្ការថ្នាក់ជាតិ» សំដៅលើកកម្ពស់សុខភាពសុខុមាលភាពកុមារ ដែលជាអនាគតមិនអាចខ្វះបានសម្រាប់ប្រទេសជាតិ សំដៅរក្សា និងកសាងមូលធនមនុស្សរឹងមាំ ដែលជាការចូលរួមចំណែកក្នុងគោលដៅលុបបំបាត់ជំងឺមហារីកមាត់ស្បូននាឆ្នាំ២០៣០ របស់អង្គការសុខភាពពិភពលោក (WHO)ផងដែរ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ទិវាលើកទី២៣ របស់សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា នាពេលនេះ នឹងផ្តល់ឱកាស និងចែករំលែកចំណេះដឹង បន្ថែមជាច្រើន ដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួម ទទួលបានចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗ នៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផ្ទាល់។ ឯកឧត្តមសាស្ត្រាចារ្យ ជម្រុញអោយសមាគមនឹងបន្តរៀបចំឱ្យមានទិវាសន្និបាតវិទ្យាសាស្ត្រទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវស្មារតីរឹងមាំក្នុងការធានាបានកម្រឹតសមត្ថភាពជំនាញក្នុងឯកទេសរបស់ខ្លួន និងលើសពីនោះការសាមគ្គីភាពផ្ទៃក្នុងរឹងមាំ សំដៅជំហរស្មារតីទទួលខុសត្រូវ ទាំងកម្រិតបច្ចកទេស និងកហរមសីលធម៌វិជ្ជាជីវវេជ្ជសាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអំពាវនាវដល់ថ្នាក់ដឹកនាំសមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា រួមគ្នាយកចិត្តទុកដាក់ក្នុងការពង្រឹងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ទាំងផ្នែកសេវាសាធារណៈ ជាពិសេសសេវាឯកជន ដោយឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនអនុសាសន៍គន្លឹះជាអាទិភាព ដល់អង្គពិធីនា ដោយត្រូវយកចិត្តទុកដាក់ទៅលើ៖ ១) ការកសាងសមត្ថភាពតាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម និងបង្កើនចំនួនគ្រូបង្គោល ២) ការគោរពនិយាមក្រមសីលធម៌វិជ្ជាជីវៈ ៣) ការពង្រឹងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងគោរពតាមនិយាម គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ៤)ការបង្កើនកិច្ចសហការបច្ចេកទេសជាមួយដៃគូឱ្យបានទូលំទូលាយ ៥)ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងឱ្យបានជិតស្និទ្ធ ការផ្សព្វផ្សាយ អប់រំសុខភាព និងជំរុញឱ្យមានការចូលរួមពីសហគមន៍។

បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់ជាសារទៅកាន់សមាជិក សមាជិកា និងអង្គពិធីទាំងមូល៖
– សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ត្រូវរៀបចំឱ្យមានវគ្គបណ្តុះបណ្តាលបន្តជាប្រចាំ និងត្រូវធ្វើបច្ចុប្បន្នភាពបច្ចេកទេសទាន់សម័យ រួមទាំងឧបករណ៍ សម្ភារ និងឱសថ។
– អ្នកផ្តល់សេវាទាំងអស់ ត្រូវចុះបញ្ជីគណៈវិជ្ជាជីវៈរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដោយត្រូវមានបញ្ជិកាឱ្យបានត្រឹមត្រូវ ហើយត្រូវផ្ទៀងផ្ទាត់ឱ្យគ្រប់តាមលក្ខខណ្ឌ ជាពិសេសធនធានមនុស្សសមស្រប និងឯកសារបទដ្ឋានដាក់បិទផ្សាយនៅលើជញ្ជាំង។ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំជាមួយផ្នែកពាក់ព័ន្ធទាំងផ្នែកសុខាភិបាលមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋាន។
– លើកទឹកចិត្តឱ្យសេវាឯកជនចូលរួមជាសមាជិកសមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដើម្បីស្វែងយល់ជាមួយគ្នា ធ្វើការជាមួយគ្នា ប្រុងប្រយ័ត្នជាមួយគ្នា អាចជួយគ្នាបាន។
– នៅតាមគ្លីនិក/សេវាឯកជនដែលមានសេវាសម្រាលកូន សុំឱ្យរៀបចំកន្លែងត្រឹមត្រូវ មានកញ្ចប់សេវាសង្គ្រោះបន្ទាន់ ដើម្បីសង្គ្រោះទារកនៅនឹងកន្លែងបានទាន់ពេលវេលា ព្រោះអ្នកធ្វើការងារសម្ភពរោគស្ត្រី ជាអ្នកសង្គ្រោះជីវិតមាតា និងទារក។

ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ និងកោតសរសើរដល់ សមាគមសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ដែលបានរៀបចំសនិ្នបាតនេះឡើង និងក៏អរគុណយ៉ាងជ្រាលជ្រៅចំពោះវាគ្មិនទាំងជាតិ និងអន្តរជាតិ សម្រាប់ការចែករំលែកបទពិសោធន៍ដ៏មានតម្លៃ ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងទិវានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានសមាគម លោក លោកស្រី សមាជិក សមាជិកា សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ភ្ញៀវកិត្តិយសជាតិអន្តរជាតិ ព្រមទាំងលោក លោកស្រីជាវាគ្មិនអញ្ជើញមកពីក្នុងប្រទេស និងអន្តរជាតិផងដែរ។

អត្ថបទដែលជាប់ទាក់ទង
Open

Close