បំភ្លឺរឿង ចេញលិខិតអញ្ជើញតែ អធិការរង មិនអញ្ជើញអធិការស្រុក និង ចេញលិខិតអនុញ្ញាតបង្កើតប៉ុស្តិ៍សេវា ឆ្នោតផ្សងសំណាង….!
រដ្ឋបាលស្រុកអូរយ៉ាដាវ ៖ យោងតាមព័ត៌មានរបស់ លោក ផែង វណ្ណៈ (Pheng Vannak News) បានផ្សព្វផ្សាយព័ត៌មាន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ៖ លិខិតអញ្ជើញរបស់អភិបាលស្រុកអូរយ៉ាដាវ បានអញ្ជើញតែអធិការរង នគរបាលស្រុក ដើម្បីចូលរួមប្រជុំជាមួយស្ទើរតែគ្រប់លិខិត និងធ្វើរបាយការណ៍ចោទប្រកាន់លាបពណ៌ លោក សូយ សំណាង អធិការនគរបាលស្រុកមិនដែលមកធ្វើការ និងលិខិតលេខ ០៥៧/២៣ ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាលស្រុកអូរយ៉ាដាវ អនុញ្ញាតអោយក្រុមហ៊ុន សៀង ហៃ រីហ្សេត ខូអិល ធីឌី បង្កើតប៉ុស្តិ៍សេវាឆ្នោតឡូតូផ្សងសំណាងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានធ្វើរបាយការណ៍ចោទ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ជាអ្នកអន្តរាគមន៍ឲ្យមានឆ្នោតឡូតូផ្សងសំណាងក្នុងមូល ដ្ឋានស្រុកទៅវិញ។ ពាក់ព័ន្ធការចុះផ្សាយសារព័ត៌មានរបស់លោក ផែង វណ្ណៈ (Pheng Vannak News) ខាងលើនេះ រដ្ឋបាលស្រុកអូរយ៉ាដាវ សូមធ្វើការបំភ្លឺជូនសាធារណៈជនបានជ្រាបថា ៖
-ករណីការចេញលិខិតអញ្ជើញ អញ្ជើញតែ អធិការរងនគរបាលស្រុកអូរយ៉ាដាវ ដោយមិនបាន អញ្ជើញប្រធានអង្គភាព (អធិការនគរបាលស្រុក) ដោយក្នុងអន្តរកាលនេះក្រោយអភិបាលស្រុក និង ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកអូរយ៉ាដាវ បានប្រជុំវាយតម្លៃ និងធ្វើរបាយការណ៍អំពីការ គ្រប់គ្រង ដឹកនាំ និងសមត្ថភាពការងាររបស់ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ក្នុង តួនាទីដឹកនាំជាអធិការនគរបាលស្រុកមិនមានប្រសិទ្ធភាព លើការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុង មូលដ្ឋាន ដែលបានជះឥទ្ធិពលដល់ការរស់នៅក៏ដូចជាសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មួយចំនួន នៃស្រុកអូរយ៉ាដាវ លោកអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អូរយ៉ាដាវ បានធ្វើរបាយការណ៍ជូនឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តរតនគិរី ដើម្បីស្នើសុំរកដំណោះស្រាយ ។
-ចំពោះការចេញលិខិតលេខ ០៥៧/២៣ ស.ជ.ណ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ របស់រដ្ឋបាល ស្រុកអូរយ៉ាដាវកន្លងមក ជាក់ស្តែងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក បាន បើកកិច្ចប្រជុំដើម្បីផ្សព្វផ្សាយ ស្តីពីការពង្រឹងការគ្រប់គ្រងល្បែងផ្សងសំណាង ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ សុខា-ភ្នំពេញ ក្នុងឱកាសនោះអគ្គលេខាធិការដ្ឋាននៃ គ.ល.ក បានផ្សព្វផ្សាយឯកសារពាក់ព័ន្ធនិងបាន ធ្វើបទបង្ហាញណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស អំពីសមត្ថកិច្ច តួនាទី ភារកិច្ចរបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក ក្រោយមករដ្ឋបាលស្រុកអូរយ៉ាដាវ បានចេញលិខិត និរាករណ៍លើលិខិតលេខ ០៥៧/២៣ ស.ជ.ណ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ តាមរយៈលិខិតលេខ ០០៧/២៤ ស.ជ.ណ. ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ។
-ចំពោះការយល់ឃើញរបស់សាមីខ្លួនថា លោកអភិបាលស្រុកអូរយ៉ាដាវលាបពណ៌ និងចោទប្រកាន់ ទៅលើ លោក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវ ទុកពេល វេលាជូនក្រុមការងារនៃ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ជាអ្នកមានសមត្ថកិច្ចស្រាវជ្រាវពាក់ព័ន្ធករណីនេះ ។ អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មានដោយការគួរ ។