ឯកឧត្តម ហួត ហាក់ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោកជំទាវ រត្ន ម៉ានី ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំលើការងារជំរុញវិស័យទេសចរណ៍ទៅទីផ្សារឥណ្ឌា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ព្រមទាំងការរៀបចំផែនការសម្រាប់ទាក់ទាញអ្នកវិនិយោគ ក្រុមហ៊ុនធំៗ ភ្ញៀវទេសចរឥណ្ឌា ដោយសហការជាមួយសមាគមទេសចរណ៍កម្ពុជា (CATA) ក្នុងការរៀបចំកញ្ចប់ទស្សនា និងជើងហោះហើរត្រង់មកកាន់កម្ពុជា។
ឆ្លៀងក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអបអរសាទរចំពោះ លោកជំទាវ ត្រូវបានតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា និងបានគាំទ្រចំពោះការផ្តល់កិច្ចសហការ ការផ្តល់នូវសេវាទេសចរណ៍ដ៏ល្អប្រសើរ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់ជូននូវសៀវភៅទេសចរណ៍ជាភាសាអង់គ្លេស និងបានផ្តល់នូវវីដេអូទេសចរណ៍កម្ពុជាជូន លោកជំទាវ សម្រាប់ការផ្សព្វផ្សាយនៅសាធារណរដ្ឋឥណ្ឌាផងដែរ។
ថ្លែងក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រសួងនឹងសហការជាមួយវិស័យឯកជន រៀបចំជា business matching, FAM Trip និងព្រឹត្តិការណ៍ផ្សេងៗទៀត ដើម្បីជំរុញសកម្មភាពនៅក្រោមក្របខណ្ឌ «ឆ្នាំទេសចរណ៍កម្ពុជា- ឥណ្ឌាលើកទី១» និង «ឆ្នាំ ទស្សនាសៀមរាប» និងបានស្នើឱ្យ លោកជំទាវ ជួយបង្ហាញសារ ឬ វីដេអូ អំពីស្ថានភាពពិតនៅកម្ពុជារួមមាន៖ កត្តាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខដុមនីយកម្ម រមណីយដ្ឋាន ម្ហូបអាហារ ស្នាមញញឹមរបស់ប្រជាជនកម្ពុជា ទៅកាន់ប្រជាជន និងទេសចរអន្តរជាតិ អាចដើរលេងកម្សាន្ត ទាំងនៅពេលថ្ងៃ និងពេលយប់ ទៅកាន់ប្រជាជនឥណ្ឌា និងសហគមន៍ឥណ្ឌា តាមបណ្តាញសង្គមដែលនិយមប្រើប្រាស់នៅប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌាផងដែរ។