ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយ ប្រតិភូនិយោជិកក្រុមហ៊ុន EDF/GDF បារាំង និងអង្គការកូដូខ្មែរ
ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន ប្រតិភូនិយោជិកក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកូដូខ្មែរ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្នើសុំអនុសាសន៍ណែនាំ ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចរបស់ក្រុមហ៊ុន ដោយផ្តោតលើតំបន់អេកូទេសចរណ៍។
ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការចូលរួមជំរុញវិស័យទេសចរណ៍កម្ពុជារបស់ក្រុមហ៊ុន EDF/GDF ប្រទេសបារាំង និងអង្គការកន្លងមក ដែលបានរៀបចំកញ្ចប់ដំណើរកម្សាន្តរបស់និយោជិកក្រុមហ៊ុន EDF/GDT ប្រទេសបារាំង មកទស្សនា និងបំពេញការងារសប្បុរសធម៌ដល់ប្រជាពលរដ្ឋនៅទីជនបទ ដោយបង្កើតការងារ និងប្រាក់ចំណូលដល់សហគមន៍។
ក្នុងកិច្ចជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអង្គការបន្តជួយរៀបចំដំណើរកម្សាន្តប្រចាំឆ្នាំរបស់និយោជិកបារាំងមកទស្សានាប្រទេសកម្ពុជា ឱ្យបានកាន់តែច្រើនជាលំដាប់ និងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនបារាំង ឱ្យបានកាន់តែទូលំទូលាយដើម្បីឱ្យប្រជាជនបារាំងមកទស្សនា និងស្វែងយល់ពីប្រទេសកម្ពុជា ជាពិសេសទីតាំងអេកូទេសចរណ៍ដែលស្រស់ស្អាត និងធម្មជាតិពិតៗ។