ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះផ្ទាល់ដល់ទីតាំងក្លឹបប្រដាល់គុនខ្មែរចំនួន៤ ដែលកំពុងខ្វះខាតខ្លាំង

ភ្នំពេញ៖ នៅថ្ងៃអាទិត្យទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមដំណើរដោយអនុប្រធានសហព័ន្ធ២រូប និងព្រឹទ្ធាចារ្យប្រដាល់គុនខ្មែរ ព្រមទាំងសហការី បានចុះផ្ទាល់ដល់ទីតាំងក្លឹបប្រដាល់គុនខ្មែរចំនួន៤ ដែលកំពុងខ្វះខាតខ្លាំងនៅតាមបណ្ដាឃុំ ស្រុកក្នុងខេត្តបាត់ដំបង មានដូចជា ក្លឹបប្រដាល់ប្រាក់រិទ្ធីគុនខ្មែរ,ក្លឹបប្រដាល់សំរោងកោងកីឡា,ក្លឹបប្រដាល់ពន្លឺយុវវ័យរស្មីឃុំសំបួរ និងក្លឹបប្រដាល់ឃុំជ្រៃគុនខ្មែរ ដោយបាន ធ្វើការពិនិត្យ និងសិក្សាទីតាំងជាក់ស្ដែង ដើម្បីឈានដល់ការជួយសាងសងក្លឹបសម្រាប់ហ្វឹកហាត់ប្រចាំថ្ងៃតាមលទ្ធភាពស្របតាមទីតាំងដែលមានក្លឹបមានស្រាប់ ។

ឆ្លៀតក្នុងឱកាសនោះ ផងដែរ ឯកឧត្តម ប្រធានសហព័ន្ធក៏បាននាំយកនូវថវិកាមួយចំនួនជូនទៅដល់ក្លឹបប្រដាល់ពន្លឺយុវវ័យរស្មីឃុំសំបួរ និងក្លឹបប្រដាល់ឃុំជ្រៃគុនខ្មែរ ដេីម្បីជួយទ្រទ្រង់ដល់ការហ្វឹកហាត់អោយកាន់តែសកម្ម ថែមទៀតនិងលើកទឹកចិត្តដល់ក្លឹបទាំងពីរឲ្យប្រមែរប្រមូលគៀងគងយុវជន យុវនារីក្នុងមូលដ្ឋាន ដែលមានចំណូលចិត្តខាងវិស័យកីឡាប្រដាល់គុនខ្មែរ មកចូលរួមអោយកាន់តែច្រើន ថែមទៀត ដើម្បីបង្កើតធនធានមនុស្សឲ្យបានកាន់តែច្រើន ចូលរួមអភិវឌ្ឍន៍និងផ្សព្វផ្សាយវិស័យកីឡាគុនខ្មែរ ឱ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិនាពេលខាងមុខ។

អត្ថបទដែលជាប់ទាក់ទង
Open

Close