ប្រទីប ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសង្គមកម្ពុជាចាប់តាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន​ និងបន្តទៅអនាគត!

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៖ ប្រទីបក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញអំពីស្ថាបត្យកម្ម និងការរៀបចំដែនដី នា “សហសម័យ​កម្ពុជា” ឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសង្គមកម្ពុជាចាប់តាំងពីសម័យបុរាណ រហូតមកដល់បច្ចុប្បន្ន​ និងបន្តទៅអនាគត ដែលមានខ្លឹមសារដូចខាងក្រោម៖
១. ​និមិត្តសញ្ញា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងឱ្យស្ថាប័នទីស្តីការក្រសួង ដែលជាសេនាធិការ​ឱ្យរាជរដ្ឋាភិបាល លើការដឹកនាំ និងគ្រប់គ្រងវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី ភូមិសាស្ត្រ និងលំនៅឋាន នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ មានសញ្ញាសម្គាល់នៃផែននីមួយៗ មានអត្ថន័យ​ដូចខាងក្រោម៖
– រង្វង់ ៖ តំណាងឱ្យផែនដី ដែលជាធនធានដ៏មានសារៈសំខាន់សម្រាប់ការកសាងសេដ្ឋកិច្ច និងការរស់នៅ​ដ៏សុខក្សេមក្សាន្តរបស់ប្រជាជាតិយើង
– ផែនទី ៖ តំណាងឱ្យបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត្យ សន្តិភាព សាមគ្គីភាព វឌ្ឍនភាព និងវិបុលភាព
– ដែកឈាន ៖ តំណាងឱ្យគ្រឿងបច្ចេកទេស គូសវាស វាស់វែង សម្រាប់បម្រើឱ្យវិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី ភូមិសាស្ត្រ និងលំនៅឋាន នៃព្រះរាជាណាចក្រកម្ពុជា
– ពណ៌ខៀវ ៖ តំណាងឱ្យទឹក សេរីភាព ប្រជាធិបតេយ្យ និងការអប់រំ
– ពណ៌ក្រហម ៖ តំណាងឱ្យដែនសីមានៃព្រះរាជាណាចក្រកម្ពុជា ដែលជានិមិត្តរូបនៃសេចក្ដីអង់អាចក្លាហាន និងភាពមោះមុតក្នុងការការពារជាតិមាតុភូមិ
– ពណ៌ស ៖ តំណាងឱ្យទឹកដី ដែលជាមត៌កដ៏បរិសុទ្ធរបស់ដូនតាខ្មែរ សន្តិភាព សាសនា ភាពបរិសុទ្ធស្អាតស្អំ
– ពណ៌ផ្ទៃមេឃ ៖ តំណាងឱ្យបរិស្ថានធម្មជាតិ ភាពស្ងប់ស្ងាត់ និងភាពឈ្លាសវៃ។
២. ក្បាច់ភ្ញីទេសលម្អជុំវិញនិមិត្តសញ្ញាក្រសួង តំណាងឱ្យភាពលូតលាស់ រីកចម្រើន រុងរឿងនៃអារ្យធម៌ខ្មែរ។
៣. ទេពរក្សា តំណាងឱ្យអ្នកថែរក្សាការពារទឹកដីនិងប្រជាជាតិខ្មែរ​។
៤. ក្រពុំបិណ្ឌ តំណាងឱ្យកិត្តិយស និងកិត្យានុភាពរបស់កម្ពុជាដែលល្បីល្បាញនៅលើឆាកអន្តរជាតិ។៥. ទូកហង្សពាំភួងផ្កា តំណាងឱ្យនាវាកម្ពុជាដែលមានដំណើរប្រកបដោយសុខសន្តិភាព ស្ថិរភាព ភាពរីកចម្រើន រុងរឿង ជឿនលឿនទៅមុខ និងជានិមិត្តរូបនៃភាពខ្ពង់ខ្ពស់ ទ្រព្យសម្បត្តិ និងសុខុមាលភាពសង្គម។ នាវាហង្សនេះ​មានប្រវែង ៣៣ម៉ែត្រ តំណាងឱ្យគុណនៃធាតុទាំង ៣៣ មានធាតុដី២១ និងធាតុទឹក១២ និងតំណាងឱ្យគុណនៃព្យញ្ជនៈភាសាខ្មែរចំនួន ៣៣តួ។

អត្ថបទដែលជាប់ទាក់ទង
Open

Close