ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម”
ខេត្តសៀមរាប៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មីនៃសហគមន៍ជោគវាសនារួម” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា ចិន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យ៉ាង វ័នមីង ប្រធានសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងតំណាង ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិនកិត្តិយស ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់សរុបចំនួន ២០០នាក់។
សន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន គឺដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរួមគ្នាជំរុញការអភិវឌ្ឍស្របតាមអនុសាសន៍ និងស្មារតីរបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន កម្រិតស្តង់ដារខ្ពស់ក្នុងយុគសម័យឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគទេសចរណ៍ដើម្បីអនាគតកាន់តែល្អប្រសើរ។
ក្នុងឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសកម្ពុជា និងចិន ពិសេសកិច្ចសហការដ៏ល្អរវាង សមាគមមិត្តភាពកម្ពុជា ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ក្នុងការពង្រឹងនិងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន និងការរួមចំណែកយ៉ាងសកម្មដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ”។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសមាគមមិត្តភាពកម្ពុជា-ចិន និងសមាគមប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស បន្តជំរុញកិច្ចសហការ និងសាមគ្គីភាព រវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងជំរុញការផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍កម្ពុជាទៅដល់ប្រជាជនចិន ជាពិសេសខេត្ដសៀមរាប «ដែនដីអច្ឆរិយៈ» និងជាគោលដៅទេសចរណ៍ប្រកបដោយសក្ដានុពលរបស់កម្ពុជា ព្រមទាំងបានអំពាវនាវឱ្យចូលរួមទាំងអស់គ្នា ក្នុងយុទ្ធនាការ ១). ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា-ចិន ម្នាក់! ២). ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!