អភិបាលរងខេត្តម្នាក់ យកលុយជិត៦០ម៉ឺនដុល្លារ ទៅឱ្យលោក លី សាម៉េត និងឈ្មោះ ឡាច សំរោង ដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួលតំណែងជាអភិបាលខេត្ត… ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ!
ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៧៣០៧ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដែលមានជនត្រូវចោទ មានខ្លួនឈ្មោះ ឡាយ វិសិដ្ឋ ភេទប្រុស អាយុ ៥១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទសូកប៉ាន់ ព្រមទាំង ជនត្រូវចោទចំនួន ២នាក់ទៀត គឺ ១.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ (កំពុងឃុំខ្លួននៅពន្ធនាគារ) និង២.ឈ្មោះ ឡាច សំរោង ភេទប្រុស អាយុ ៥៥ឆ្នាំ កំពុងគេចខ្លួន ត្រូវបានចោទប្រកាន់ពីបទ ប៉ុនប៉ងក្នុងបទ សូកប៉ាន់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៧ និងមាត្រា ៦០៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជា ណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា ដំណើររឿងដែលនាំឱ្យមានការ ចោទប្រកាន់នេះ គឺ ឈ្មោះ ឡាយ វិសិដ្ឋ បានយកប្រាក់ចំនួន ៥៧០ ០០០ (ហាសិបប្រាំពីរម៉ឺន) ដុល្លារ ទៅឱ្យ ឈ្មោះ លី សាម៉េត និងឈ្មោះ ឡាច សំរោង ដោយមានចេតនាដើម្បីសូកប៉ាន់ក្នុងគោលបំណងទទួ តំណែងជាអភិបាលខេត្ត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ឡាយ វិសិដ្ឋ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។
គួររំលឹកផងដែរថា លោក ឡាយ វិសិដ្ឋ អតីតប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ត្រូវបានប្រកាសអោយចូលកាន់មុខតំណែង ជាអភិបាលរងខេត្តពោធិ៍សាត់ កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ៕