កសិដ្ឋានផលិតសូត្រសិប្បករអង្គរ បានសម្ពោធបើកដំណើរការឡើងវិញ 

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្ត សៀម រាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារ វិបត្តិ កូវីដ-១៩។ 

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោះ  ក៏បានប្រមូលផ្តុំ បុគ្គលិកចាស់ ដែលធ្លាប់បំរើការងាររនៅទីនេះអោយមានការងារធ្វើឡើងវិញផងដែរ។

លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។លោកជំទាវបណ្ឌិត តែងតែបានធ្វើការកោតសសើរ អំពីសំលៀកបំពាក់ខ្មែរ ដែលផលិតពីសូត្រខ្មែរទៅប្រាប់ជនបរទេស នៅពេលលោកអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ និងតែងតែផ្តល់កាដូអនុស្សាវរីយ៍ ដែលផលិតពីសូត្រខ្មែរ ទៅថ្នាក់ដឹកនាំធំៗ ដើម្បីជាការផ្សព្វផ្សាយ ផលិតផលខ្មែរយើងទៅលើឆាកអន្តរជាតិ។

លោកជំទាវបានលើកទឹកចិត្ត និងជម្រុញអោយមានការផលិតអោយបានច្រើន អោយបានល្អ លើសពីនោះកសិដ្ឋានត្រូវតែម្រុញសកម្មភាពផលិតសូត្រវិញរាប់ចាប់ពីការដាំមន, ចិញ្ចឹមដង្កូវនាង, ស្រាវសូត្រ, តម្បាញ និងកាត់ដេរជាដើម។

លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានអោយដឹងថា នៅពេលវិបត្តិកូវីដ-១៩បានផ្ទុះឡើង វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ។ ចំណែកឯ ក្រុមហ៊ុន សិប្បករអង្គរ ដែលជាក្រុមហ៊ុនផ្សារភ្ជាប់ស្ទើរតែទាំងស្រុងនឹងវិស័យទេសចរណ៍នោះ ក៏បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗដែរ។ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្អាកទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

លោក កាយ ឡូត អោយដឹថា ដើម្បីការពារបេតិកភណ្ឌខ្មែរយើងឱ្យនៅគង់វង្ស សម្រាប់ជំនាន់ក្រោយបានឃើញពីសិប្បកម្ម ភាពតម្បាញដោយដៃ នៅក្នុងសិប្បកម្មតម្បាញសូត្រ នៅស្រុកពួក គឺត្រូវតែខិតខំស្តារឡើងវិញ។ ការបើកឡើងវិញនៃកសិដ្ឋានសូត្រនេះ ក៏ជាការវិលត្រឡប់មកវិញ នៃបុគ្គលិកដែលធ្លាប់បម្រើការងារក្នុងច្រវាក់ផលិតកម្មទាំងនេះដែរ ដែល បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក បម្រើការងាររហូតជាង៤០០នាក់ មានការងារធ្វើនៅទីនេះ។

 

លោក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ ក៏បានបង្ហើបដែរថា កសិដ្ឋានសូត្រនេះ នឹងមានគម្រោងពង្រីកការផលិតសូត្រ  ទន្ទឹមនឹងការបង្កើនបរិមាណស្រាវសូត្រ និងតម្បាញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close