តាមពិត បុរសម្នាក់ អះអាងថា ខ្លួនជាប៉ូលិស ចូលហាង មិនកម្មង់ម្ហូប បែរជាកម្មង់ អូកណូក នោះគឺជា….!

ខេត្តសៀមរាប៖ អ្នកនាំពាក្យ និងប្រតិកម្មរហ័សរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាល ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង៤០ នាទី សង្កេតឃើញតាមបណ្តាញសង្គមដែលមានឈ្មោះ So Koung បានចុះផ្សាយដែលមានខ្លឹមសារថា៖ “ហាងខ្ញុំលក់តែម្ហូបទេ ហាងខ្ញុំ មិនដែលលក់អូកណូកទេចាស សូមទានជ្រាប មុន ចូលសូមមើលផ្លាកយីហោផង លោកឯងចូលហាងញ៉ាំបាយមិនកម្មង់ម្ហូបញ៉ាំទេ បែរជាកម្មង់ អូកណូកទៅវិញ ហើយ លោកឯងខំយកឈ្មោះអ្នកធំ និងយកស្ថាប័នប៉ូលីសបាំង មុខទៀត ហើយបានគំរាមខ្ញុំ ជេរ ចង្អុលមុខ ចង់ចូលទៅវ៉ៃខ្ញុំដល់ក្នុង តុរីសឹបទៀត កុំតែបានគ្នាគាត់ចាប់ឃាត់ទេ កុំអីគាត់ប្រើអំពើហិង្សាមកលើខ្ញុំហើយ លោកឯងមើលងាយខ្ញុំជាស្ត្រីភេទពេក ហើយ ទង្វើបុគ្គលនេះគឺអសីលធម៌ណាស់ អាងសិទ្ធិ អាងអំណាចពេកហើយដើរអុកឡុកគំរាមគេ សូមបងប្អូនជួយឡាច និងស៊ែ ឱ្យបានច្រើន ឱ្យស្ថាបន័ និងមេៗគាត់បានឃើញទង្វើបុគ្គលនេះផង” ចំពោះរឿងហេតុដែលបានកើតឡើងខាងលើ នេះ គឺនៅក្នុង ភោជនីយដ្ឋានអង្គរឈីនឈូយាន ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បន្ទាប់ពីបានទទួលព័ត៌មានខាងលើ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាបធ្វើការស្រាវជ្រាវ និងឈានដល់ការកំណត់បុគ្គល ដែលបានអះអាងថា “ខ្លួនជានគរបាលជាតិនោះ គឺជាជនស៊ីវិល មិនមែនជាកងកម្លាំងនគរបាលជាតិនោះទេ” ។

អាស្រ័យហេតុនេះ សូមសាធារណជន និងជាពិសេសអ្នកនិយមតាមដានបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប សូមកុំយល់ច្រឡំចៀសវាងការបកស្រាយផ្សេងដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំង នគរបាលជាតិ ។

អត្ថបទដែលជាប់ទាក់ទង
Open

Close