ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុនឯកជនធំៗ ចំនួន ១៧ក្រុមហ៊ុននៅខេត្តយូណាន ចូលជួបពិភាក្សាការងារ

ទីក្រុងគុនមីង៖ ឆ្លៀតឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានទទួលជួបជាមួយបណ្តាក្រុមហ៊ុន សហគ្រាសសំខាន់ៗរបស់ខេត្តយូណាន សរុបចំនួន ១៧ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច និងនាំភ្ញៀវទេសចរ ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ រួមជាមួយក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តថ្មីៗរបស់រាជរដ្ឋាភិបាល។ បន្ទាប់ពីបានជួបពិភាក្សាការងារ ក្រុមហ៊ុនទាំងអស់បានឯកភាពថានឹងរៀបចំដំណើរទស្សនកិច្ចទៅស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ជំរុញសកម្មភាពផ្សព្វផ្សាយរួមគ្នា រៀបចំព្រឹត្តិការណ៍រួមគ្នា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗដើម្បីទាក់ទាញភ្ញៀវទេសចិនពីខេត្តយូណាន មកទស្សនាកម្ពុជា ពិសេសមកកាន់ខេត្តសៀមរាបឱ្យបានកាន់តែច្រើន។

អត្ថបទដែលជាប់ទាក់ទង
Open

Close