ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Guo Dajin អភិបាលរងខេត្តយូណាន និងប្រតិភូ ចូលជួបពិភាក្សាការងារ

ទីក្រុងគុនមីង៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក Guo Dajin អភិបាលរងខេត្តយូណាន លោក Zhao Guoliang ប្រធានមន្ទីរទេសចរណ៍ និងវប្បធម៌ ខេត្តយូណាន និងប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨, កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក-ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១។ 

នាកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានបង្ហាញពីអារម្មណ៍រីករាយក្នុងការសហការជាមួយក្រសួងទេសចរណ៍ក្នុងការជំរុញកំណើនទេសចរក្នុងប្រទេសកម្ពុជា ហើយជំនួបនេះបានរៀបចំឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្តយូណានសម្រាប់កំណើនទេសចរមកកាន់ប្រទេសកម្ពុជា។ លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរបានបង្ហាញពីការគូសចេញនូវខ្សែទស្សនកិច្ចមួយចំនួន ដែលឆ្លងកាត់ខេត្តយូណានមកកាន់កម្ពុជា និងមានសុទិដ្ឋិនិយមថា ទេសចរចិនមកទស្សនាប្រទេសកម្ពុជានឹងមានការកើនឡើង ព្រោះខេត្តយូណានផ្ទាល់ទទួលបានទេសចរ ប្រមាណ ១០០០លាននាក់ក្នុងឆ្នាំ២០២៣ ហើយបានស្នើសុំឱ្យមានការសម្រួលបែបបទផ្សេងៗ ដើម្បីជំរុញកំណើននេះ។ 

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តយូណាន និងមន្ទីរទេសចរណ៍ខេត្ត ក្នុងការជំរុញលំហូរទេសចរមកកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់យោបល់លើការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និត តាមរយៈការរៀបចំអនុស្សរណៈយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងខេត្តយូណាន និងរវាងមន្ទីរទេសចរណ៍ខេត្តយូណាន ជាមួយមន្ទីរទេសចរណ៍នៃខេត្តណាមួយរបស់កម្ពុជា ដើម្បីបន្តការទំនាក់ទំនងជិតស្និទ្ធ មានរបបជួបប្រជុំពិភាក្សាបានទៀងទាត់ និងអាចទទួលបានលទ្ធផលជាក់ស្តែង។

អត្ថបទដែលជាប់ទាក់ទង
Open

Close