ក្រុមហ៊ុន Zhongjiao Tongli បង្ហាញបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី
ចិន៖ នាព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zhongdi Sun ប្រធានក្រុមហ៊ុន ZhongJiao Tongli ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុនបានលើកឡើងថា កម្ពុជាគឺជាប្រទេសដែលមាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលការណ៍នេះជាកាលានុវត្តភាព និងកត្តាអំណោយផល សម្រាប់ការវិនិយោគនៅក្នុងកម្ពុជា។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន Zhongjiao Tongli មានមូលដ្ឋាននៅក្រុងស៊ីអាន (Xi’an) និងមានប្រតិបត្តិការអាជីវកម្មលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាលពលស្អាត និងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ។ ក្រុមហ៊ុនក៏បាននិងកំពុងវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ដែលមានដូចជា ដំណាំចេក និងស្វាយ នៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។ បន្ថែមលើនេះ ក្រុមហ៊ុនក៏មានបំណងពង្រីកការវិនិយោគលើវិស័យកសិកម្ម នៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី បន្ថែមទៀតផងដែរ។