ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone មានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ចិន៖ នារសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Wu Yu Jie ប្រធានក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់វិស័យនៅកម្ពុជា ព្រមទាំងបានបង្ហាញជំនឿជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសកម្មភាពវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១២មក លើវិស័យកសិកម្ម ដោយផ្ដោតលើដំណាំដំឡូងមី និងស្វាយចន្ទី ហើយក្រុមហ៊ុនមានគម្រោងពង្រីកការវិនិយោគលើដំណាំដំឡូងមី និងគ្រាប់ស្វាយចន្ទី និងដំឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
ជាការឆ្លើយតប សម្តេចបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានបោះទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការស្វាគមន៍ និងលើកទឹកចិត្តចំពោះបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដោយសម្ដេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងលើការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ពីប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារដទៃទៀតក្នុងពិភពលោក។ សម្តេចបវរធិបតី បានគូសបញ្ជាក់ទៀតថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្ដល់អាទិភាព និងលើកទឹកចិត្តចំពោះការវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ។ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តធ្វើការជាមួយនឹងក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីទទួលបាននូវការលើកទឹកចិត្តបន្ថែមទៀត៕