សិស្សប្រឡងជាប់និទ្ទេសA ទទួលរង្វាន់លើកទឹកចិត្ត ពី អភិបាលខេត្តកំពង់ចាម

កំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានផ្តល់កុំព្យូទ័រយួរដៃ និងថវិកាមួយចំនួន ដល់សិស្សប្រឡងជាប់និទ្ទេសA ចំនួន ២៧នាក់ និងឧបត្ថម្ភគាំទ្រដល់សិស្ស មានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែលជាប់បាក់ឌុបចំនួន ៧នាក់ នៅក្នុងក្រុងកំពង់ចាម ដើម្បីលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត រហូតទទួលបានជោគជ័យ ដែលពិធីនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ។

ក្នុងឱកាសនោះ​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា នេះជាការទឹកចិត្ត របស់ឯកឧត្តមផ្ទាល់ ដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងសិក្សារបស់ក្មួយៗ ក្នុងរយៈពេល១២ឆ្នាំកន្លងមក ជាពិសេសនៅពេលខាងមុខនេះ ក្មួយៗ នឹងទទួលបានការអនុញ្ញាតពីសំណាក់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានចូលជួបសំណេះសំណាលទៀតផង នេះជាកិត្តិយស សម្រាប់ខ្លួនឯង និងមាតា បិតា ឬអាណាព្យាបាល ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឬនាយក សាលា និងជាកិត្តិយស សម្រាប់ខេត្តកំពង់ចាមយេីង ផងដែរ ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែក របស់ក្មួយ ៗ ដែលប្រឡងជាប់ទទួលបានជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជំនះកម្រិត ទី១ ដូច្នេះជំហានបន្ទាប់គឺជាភាពជោគជ័យនៃជីវិត ទី២ គឺការសិក្សាបញ្ចប់នៅកម្រិតឧត្តមសិក្សា ដែលអាចទទួលបាននូវជំនាញ ហើយបន្តយកជ័យជំនះ ទី៣ គឺការបញ្ចប់ការសិក្សារួចហើយ មានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ចំណូលខ្ពស់ បន្ទាប់មកទើបរៀបចំ គ្រួសារឱ្យបានល្អ និងសាងសុភមង្គលរបស់ខ្លួនឱ្យបានល្អប្រសើរផងដែរ ។

បើតាមលោក លី ម៉េងសាន ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តកំពង់ចាម បានឱ្យដឹងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ នៅទូទាំងខេត្តកំពង់ចាម មានបេក្ខជនមកប្រឡងចំនួន ៨៦៩៣នាក់ បេក្ខជនប្រឡងជាប់ចំនួន ៦៦១០នាក់ ស្មើនឹង ៧៦.០៤% ក្នុងនោះសិស្សប្រឡងជាប់និទ្ទេស A មានចំនួន ១១៥នាក់ ខណៈ បេក្ខជនប្រឡងជាប់និទ្ទេស A នៅទូទាំងប្រទេស មានចំនួន ២២១៦នាក់ ។

គួរបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដែល ឯកឧត្តមអភិបាលខេត្ត បានផ្តល់ជូនសិស្សប្រឡងជាប់និទ្ទេស A នៅក្នុងក្រុងកំពង់ចាមទាំង ២៧នាក់ ក្នុងម្នាក់ៗ ទទួលបាន កុំព្យូទ័រយួរដៃ (latop) ១ គ្រឿង, និង ថវិកា ចំនួន ១លានរៀល, ព្រមទាំងផ្តល់ជូនសិស្សមានពិការភាព នៃវិទ្យាល័យអប់រំពិសេស ដែល ប្រឡងជាប់បាក់ឌុបចំនួន ៧នាក់ ក្នុងម្នាក់ៗ ទទួលបានថវិការ ២លានរៀល រួមនឹងអាហារូបករណ៍ សម្រាប់សិក្សាបន្ត និងឧបត្ថម្ភដល់សាលាវិទ្យាល័យទាំង ៦ ក្នុងក្រុងកំពង់ចាម ដោយក្នុងវិទ្យាល័យ និមួយៗ ទទួលបានថវិការចំនួន ១លានរៀល ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close