ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យទីតាំងសាងសង់មណ្ឌលសុខភាព នៅស្រុកស្ទឹងហាវ

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រី មន្ទីរជំនាញចុះពិនិត្យទីតាំងសាងសង់មណ្ឌលសុខភាព ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ទីតាំងដែលសាងសង់មណ្ឌលសុខភាព ស្ថិតនៅភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាការជួយឧបត្ថម្ភរបស់សប្បុរសជនជនជាតិអាមេរិក សាងសង់អគារមណ្ឌលសុខភាពមួយខ្នង មានទទឹង ៥ម៉ែត្រ និងបណ្តោយ ២០ម៉ែត្រ ស្មើនឹង ៥បន្ទប់។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានថ្លែងអំណរគុណ និងអរគុណដល់សប្បុរសជនជនជាតិអាមេរិក ដែលបានបរិច្ចាគថវិកាជួយសាងសង់អគារមណ្ឌលសុខភាពនៅឃុំអូរត្រេះ ស្រុកស្ទឹងហាវ ដើម្បីជួយសម្រួលការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស ពួកគាត់អាចមកទទួលសេវាសុខាភិបាលនៅមណ្ឌលសុខភាពក្នុងស្រុកស្ទឹងហាវ ឬក៏អាចមកទទួលសេវាសុខាភិបាលនៅតាមមណ្ឌលសុខភាពបណ្តាក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ គ្រប់ពេលវេលា។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងចូលពិនិត្យបន្ទប់ពិនិត្យ ព្យាបាលនៅក្នុងមណ្ឌលសុខភាពស្រុកស្ទឹងហាវ ព្រមទាំងបានធ្វើការសំណេះសំណាលជាមួយស្រ្តីឆ្លងទន្លេនៅក្នុងមណ្ឌលសុខភាព ព្រមទាំងបាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវឧបត្ថម្ភជូនស្រ្តីកំពុងសម្រាកឆ្លងទន្លេនៅមណ្ឌលសុខភាពចំនួនពីរនាក់ផងដែរ ព្រមទាំងបានធ្វើការណែនាំឱ្យថែទាំសុខភាពម្តាយ និងកូនឱ្យបានល្អ ព្រោះក្មួយៗ និងចៅៗដែលទើបនឹងកើតមកនេះ ជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដឹកនាំអភិវឌ្ឍប្រទេស ជាតិនាពេលខាងមុខ ហើយថវិកានេះ គឺបានមកដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបយើងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ទន្ទឹមនោះរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់បងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនីដែលកំពុងបំរើការងារនៅតាមរោងចក្រ សហគ្រាសនៅទូទាំងប្រទេស។
សូមបញ្ជាក់ថា នៅក្នុងមណ្ឌលសុខភាពស្រុកស្ទឹងហាវ មានបុគ្គលិកសុខាភិបាលបំរើការងារចំនួន ៨នាក់ ក្នុងនោះស្រីចំនួន ៥នាក់៕
អត្ថបទដែលជាប់ទាក់ទង
Open

Close