រថយន្តធំៗ មួយចំនួនចេញចូលទៅមក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឈប់ និងចតលើដងផ្លូវ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍…!
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជនជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្ម ដឹកជញ្ជូនតាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ ទាំងអស់ជ្រាបថា រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវគោលការណ៍រៀបចំសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ចរាចរណ៍ផ្លូវគោក តាមបណ្តោយផ្លូវជាតិលេខ៤ និងផ្លូវលេខ៧០០ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់លេខ១ និងសង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមបណ្តោយផ្លូវខាងលើនេះ។
កន្លងមក រដ្ឋបាលខេត្តព្រះសីហនុបានសង្កេតឃើញថា រថយន្តធំៗមួយចំនួនដែលចេញចូលទៅមក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឈប់ និងចតលើដងផ្លូវដែលជាហេតុបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយសារអ្នកបើកបរមួយចំនួនមិនបានគោរពតាមគោលការណ៍ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់នៅឡើយ។ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុនឹងចុះពិនិត្យណែនាំ ផ្សព្វផ្សាយ ដល់បងប្អូនម្ចាស់រថយន្តដឹកជញ្ជូន និងរថយន្ត លាយបេតុងទាំងអស់ឱ្យអនុវត្តតាមការណែនាំ និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ ហើយក្រុមការងារ នឹងធ្វើការឃាត់ទុកចំពោះរថយន្តណាដែលនៅបន្តមិនគោរពតាមគោលការណ៍ណែនាំ ដោយពុំទទួលខុសត្រូវ ចំពោះការខាតបង់ពេលវេលា សម្ភារៈ ឬទំនិញផ្សេងៗនៅជាប់នឹងរថយន្តឡើយ និងធ្វើការផាកពិន័យចំពោះ យានយន្តណាដែលល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
បន្ទាប់ពីបានផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះរួច ក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ ក្រុមការងាររដ្ឋបាលខេត្ត នឹងចុះអនុវត្តច្បាប់ ដោយផាកពិន័យតាមនីតិវិធី។
អាស្រ័យហេតុនេះ សូមសាធារណជន ជាម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដឹកជញ្ជូន តាមរថយន្តគ្រប់ប្រភេទ ម្ចាស់ក្រុមហ៊ុនសហគ្រាសផ្គត់ផ្គង់បេតុងលាយស្រេច និងម្ចាស់ការដ្ឋានសំណង់ទាំងអស់ជ្រាប និងចូលរួមសហការ អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។