ក្រុមការងារក្រសួងបរិស្ថាន ចូលរួមជាមួយរដ្ឋបាលស្រុកកែវសីមា ចុះពិនិត្យផ្ទៀងផ្ទាត់ចំណុចទីតាំងដីកាប់រានពីរូបភាពផ្កាយរណប និងដីកសាងសំណុំរឿងបញ្ជូនទៅ តុលាការ

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានអធិការកិច្ចនិងពង្រឹងការអនុវត្តច្បាប់ ចូលរួមសម្របសម្រួលដោយលោកនាយករដ្ឋបាលស្រុកកែវសីមា លោកប្រធាន អនុប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងមន្រ្តីឧទ្យានុរក្សាប្រចាំការនៅស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា ព្រមទាំងតំណាងអង្គការ WCS សរុបចំនួន ១៣រូប បានចុះទៅទីវាលដើម្បីពិនិត្យផ្ទៀងផ្ទាត់ចំណុចទីតាំងដីកាប់រានពីរូបភាពផ្កាយរណប និងដីដែលមន្រ្តីនគរបាលយុត្តិធម៌បានកសាងសំណុំរឿងអញ្ញាតជនបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ស្ថិតនៅដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្រ្តភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ បន្ទាប់ពីការពិនិត្យទីតាំងផ្ទាល់និងបង្ហោះដ្រូន ក្រុមការងារបានពិនិត្យឃើញថា៖

១-ដីដែលបានដាក់សំណុំរឿងទៅតុលាការ និងតុលាការបានចេញដីកាឱ្យមន្រ្តីនគរបាលយុត្តធម៌ធ្វើការស៊ើបសួរ ស្វែងរកអត្តសញ្ញាណជនសង្ស័យជំនួស ប៉ុន្តែដីកាប់រាននេះ បានដាំដំឡូងរួចហើយទៀត ដូចនេះ ដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយរដ្ឋបាលស្រុកកែវសីមា ធ្វើការឃ្លាំមើលជាប្រចាំដើម្បីឃាត់ខ្ឡួនជនសង្ស័យដែមកប្រមូលផលដំឡូង។ ជម្រើសមួយទៀត នៅអំឡុងពេលនីតិវិធីតុលាការ មន្ទីរត្រូវសិក្សាផ្លូវច្បាប់ជាមួយព្រះរាជអាជ្ញា និងស្នើសុំឯកឧត្តមអភិបាល ដើម្បីប្រើប្រាស់កម្លាំងសរុបធ្វើការដកកំទេចដំណាំដំឡូង។

២-ដីកាប់រានថ្មី ពុំទាន់មានការដាំដុះ ដូចនេះមន្ទីរកសាងសំណុំរឿងជាបន្ទាន់ និងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវីធីច្បាប់ និងត្រូវតាមដានឃ្លាំមើលទីតាំងនោះជាប្រចាំ ជៀងវាងជនខិលខូចមកធ្វើការដាំដុះ។ មន្ទីរ ត្រូវយកស្លាកសញ្ញាទៅបោះឱ្យបានច្រើនទីតាំង ដោយដាក់ថា «ជាដីជាប់បណ្តឹង» ៕

អត្ថបទដែលជាប់ទាក់ទង
Open

Close