ទណ្ឌកម្មវិន័យ បែបណាចំពោះ នាយទាហាន ម្នាក់ នៃកងរាជអាវុធហត្ថខេត្តកណ្តាល មានឥរិយាបថបំពានក្រមសីលធម៌ វិជ្ជាជីវៈ ល្មើសបទវិន័យកងទ័ព ?
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូន អំពីវិធានការអនុវត្តទណ្ឌកម្មវិន័យទៅលើនាយទាហាននៃកងរាជអាវុធហត្ថខេត្តកណ្ដាល ឈ្មោះ ពៅ សាលួត ដែលបានបំពានក្រមសីលធម៌ វិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលចូលរួមសហការជាមួយនគរបាលចរាចរណ៍ អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដែលជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស តាមការស្នើសុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នៅលើដងផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិស្ពានថ្មី ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល ដូចខាងក្រោម៖
១-ធ្វើការស្តីបន្ទោស និងកិច្ចសន្យាទទួលកំហុសការប៉ះពាល់ដល់សីលធម៌កងទ័ព កិរិយាមារយាទ ដូចមានចែងក្នុងបទវិន័យទូទៅចំពោះកងយោធពលខេមរភូមិន្ទ។
២-ធ្វើការត្រួតពិនិត្យ បញ្ជូនទៅ អប់រំ និងមិនអនុញ្ញាតិឱ្យយោធិននៃកងរាជអាវុធហត្ថរូបនេះ បំពេញតួនាទី ភារកិច្ចណាដែលជាប់ពាក់ពន្ធ័ទៅនឹងប្រជាពលរដ្ឋ ដោយផ្ទាល់ ។