សម្តេចបវធិបតី ហ៊ុន ម៉ាណែត ៖ សន្តិភាព ប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាពគឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលបានអនុវត្តន៍ដោយក្រសួងធនធានទឹក និងឧតុនិយម សម្រាប់បម្រើឱ្យពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរី ជាពិសេស ធានាដល់ការគ្រប់គ្រងទឹក និងការផលិតទឹកស្អាត ព្រមទាំងការងារស្រោចស្រពក្នុងវិស័យកសិកម្ម។ គម្រោងនេះប្រើពេលសាងសង់រយៈពេល ៣ ឆ្នាំ និងបានចំណាយថវិកាសាងសង់សរុបប្រមាណ ៦២ លានដុល្លារអាមេរិក។
ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថាក្រោយបញ្ចប់សង្រ្គាម តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកិច្ចការងារចម្បងចំនួន ៣ ៖ ទី១. ពង្រឹងភាពជឿទុកចិត្ត ដើម្បីរក្សាសន្តិភាពឱ្យបានឋិតថេរ ទី២. ការធ្វើសមាហរណកម្មខ្លួនលើឆាកអន្តរជាតិ និងទី៣. ការអភិវឌ្ឍប្រទេសជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ។ ជាការពិតមិនអាចប្រកែកបាន ក្នុងរយៈពេល ២៥ ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ និងមានឯកភាពជាតិ ជាមួយនិងការអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើនលើគ្រប់វិស័យ ទាំងវិស័យនយោបាយ សង្គម-សេដ្ឋកិច្ច និងវប្បធម៌ ដែលធ្វើឱ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ប្រទេសកម្ពុជាដែលពីមុនធ្លាប់បានឆ្លងកាត់នូវសង្គ្រាមហែកហួរ និងធ្លាប់ជាវាលពិឃាតក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៧០ ជាតំបន់អសន្តិសុខ និងជាចម្ការមីន ដែលគ្រប់គ្នាភ័យខ្លាច ប៉ុន្តែបច្ចុប្បន្ននេះ បានប្រែមុខមាត់ថ្មី មានសុខសន្តិភាព ប្រជាជនរស់នៅដោយសប្បាយរីករាយ និងអាចធ្វើដំណើរបានគ្រប់ទីកន្លែង គ្រប់ពេលវេលា នៅទូទាំងផ្ទៃប្រទេសដោយមិនមានការភ័យព្រួយឡើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា រាជរដ្ឋាភិបាល គ្រប់អាណត្តិ បានខិតខំគិតគូរធ្វើយ៉ាងណារុញការអភិវឌ្ឍឱ្យបានទៅគ្រប់ទីកន្លែងទូទាំងប្រទេស ព្រមទាំងខិតខំរិះរកមធ្យោបាយ និងដាក់ចេញនូវយន្តការនានា ជាបន្តបន្ទាប់ រួមទាំងការប្រើប្រាស់ធនធានក្នុងប្រទេស និងសហការជាមួយដៃគូរអភិវឌ្ឍន៍អន្តរជាតិ ដោយរក្សាបានទាំងអធិបតេយ្យភាព និងបូរណភាពទឹកដី។
ឆ្លៀតក្នុងឱកាសនេះដែរ សម្តេចបវរធិបតី បានបញ្ជាក់ជាថ្មីជូនជនរួមជាតិថា រយៈពេល២៥ឆ្នាំនៃការចូលរួមក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA គឺមានគោលដៅពន្លឿនការរអភិវឌ្ឍន៍ខេត្តភាគឦសានឱ្យមានការរីកចម្រើន មិនមែនធ្វើឱ្យបាត់បង់ទឹកដីដូចការចោទប្រកាន់ពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅក្រៅប្រទេសនោះទ្បើយ។ សម្តេចបវរធិបតី បានរំឭកថា នៅឆ្នាំ១៩៩៩ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានចូលរួមក្នុងកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA ដែលជាក្របខណ្ឌមួយមានការជួយគាំទ្រពីសំណាក់ប្រទេសជាមិត្តដូចជា ប្រទេសជប៉ុន អាល្លឺម៉ង់ និងដៃគូរអភិវឌ្ឍមួយចំនួនទៀត។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាទាញបាននូវអត្ថប្រយោជន៍ជាច្រើន ដូចដែលយើងមើលឃើញជាក់ស្តែងក្នុងខេត្តទាំងនេះ។ ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបញ្ចប់កិច្ចហប្រតិបត្តិការ CLV-DTA គឺដើម្បីបញ្ចប់ការវែកញែក និងរក្សាសាមគ្គីឯកភាពជាតិ ប៉ុន្តែមកដល់ពេលនេះនៅមានអ្នកនយោបាយមួយចំនួននៅតែបន្តអុចអាល បំផុសបំផុលឱ្យមានការប្រឆាំងតវ៉ា ខណៈពេលដែលពីមុនខ្លួនបានគាំទ្រកិច្ចការងារនេះ ពេលដែលនៅជាតំណាងរាស្រ្តក្នុងសភាដែរសោះ ហើយទង្វើនេះគឺជាទង្វើគ្មានសុចរិតភាព ដែលអាចនាំឱ្យមានការបែកបាក់ឯកភាពជាតិដូចពីអតីតកាល។
ជាចុងក្រោយ សម្តេចមហាបវរធិបតី បានសំណូមពរដល់ប្រជាជនគ្រប់មជ្ឈដ្ឋានត្រូវរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយរៀងរហូតទៅ។ សម្តេចធិបតីបានចាត់ទុកសន្តិភាពប្រៀបបានទៅនឹងដើមឈើហូបផ្លែ ហើយផ្លែផ្កានៃសន្តិភាពគឺជាសមិទ្ធផលនៃការអភិវឌ្ឍដែលយើងគ្រប់ៗគ្នាកំពុងទទួលបាន៕