សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញពិនិត្យទីតាំងវត្តស្វាយសៀមថ្មី(វត្តខ្មែរនៅកម្ពុជាក្រោម) ដែលនឹងត្រូវដង្ហែអង្គកឋិនទៅនាដើមខែវិច្ឆិកាខាងមុខនេះ
ភ្នំពេញ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញ ដឹកនាំគណៈកម្មការ រៀបចំអង្គកឋិនទានដង្ហែមកកាន់វត្តខ្មែរនៅកម្ពុជាក្រោមចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ដែលនឹងត្រូវដង្ហែអង្គកឋិនមកកាន់នាដើមខែវិច្ឆិកាខាងមុខនេះ។
គួររំលឹកផងដែរថា អង្គកឋិនទានមហាសាមគ្គីនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ បន្ទាប់ពីសូត្រមន្តនៅក្នុងប្រទេសកម្ពុជានៅ ថ្ងៃទី០៣ ខែវិច្ឆិកាហើយនោះ អង្គកឋិនទាននឹង ដង្ហែដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅកាន់វត្តពោធិ៍គិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅ ភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តព្រះត្រពាំង នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។




















