“មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ
ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន មេត្តាជ្រាបថា៖ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ ។
ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវ យកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។
អាស្រ័យដូចបានជម្រាបដំណឹងខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូម បន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ ៕