រដ្ឋបាលខណ្ឌមានជ័យ រៀបចំពិធីដង្ហែបុណ្យកឋិនទានសាមគ្គី ទៅកាន់ វត្តចាក់អង្រែលើ និងវត្ត ប៉ាឆា (ខេត្តក្រចេះ)

ភ្នំពេញ៖ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានចំពិធីដង្ហែរបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅកាន់វត្តចំនួន២គឺ វត្តចាក់អង្រែលើ ស្ថិតនៅខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និងវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ស្ថិតក្នុងខេត្តក្រចេះ។

កម្មវិធីបុណ្យអង្គកឋិនទាននេះ ក៍មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម​ ស៊ុន​ ចាន់ចុល ឧបនាយករដ្ឋមន្រ្តី​ អនុប្រធាន​ទី១​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីក្រោមឱវាទផងដែរ។

បុណ្យកឋិន គឺជា​បុណ្យ​១​របស់​ព្រះពុទ្ធសាសនា ដែលមាន​រយៈពេល​២៩​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​១​រោច ខែអស្សុជ ដល់​ថ្ងៃ​១៥​កើត ខែ​ក​ក្តិ​ក​។ អាច​និយាយបានថា ពុទ្ធបរិស័ទ ចាប់ផ្តើម​ធ្វើបុណ្យ​កឋិន នៅក្រោយ​ថ្ងៃ​ចេញ​ព្រះវស្សា​។ ការចូល​ព្រះវស្សា​របស់​ព្រះសង្ឃ មាន​រយៈពេល​៣​ខែ​។

​កឋិន​កាល គឺជា​រដូវ​ដែល​ប្រជា​ពុទ្ធបរិស័ទ នាំយក​សំពត់​ជា​គ្រឿង​ស្លៀកដណ្តប់​របស់​ព្រះសង្ឃ មាន​ចីពរ​ជាដើម ទៅ​ប្រគេន​ព្រះសង្ឃ​។ បច្ចុប្បន្ន គេ ឃើញ​ពុទ្ធបរិស័ទ មិន​ត្រឹមតែ​ប្រគេន​ចីវរ​ទេ នៅ​ប្រគេន​ទេយ្យទាន​ផ្សេងៗ​ទៀត ដូចជា គ្រឿង​បរិភោគ និង ថ្នាំសង្កូវ ជាដើម រួមទាំង​បច្ច័យ​ផងដែរ (​ថវិកា​)​។

​បើតាម​ព្រះ​វិន័យ វត្ត​មួយ អាច​ប្រារព្ធ​ពិធីបុណ្យ​កឋិន​បានតែ​មួយថ្ងៃ​គត់ ក្នុង​រយៈពេល​២៩​ថ្ងៃនេះ ដោយ​ប្រារព្ធ​នៅ​ថ្ងៃ​ណា​ក៏​បានដែរ តាម​ការរៀបចំ​របស់​គណៈកម្មការ​វត្ត និង​តាម​ការស្នើសុំ​របស់​ម្ចាស់​កឋិន​។ បុណ្យ​នេះ មិន​ត្រឹមតែ​ជា​បុណ្យ​បែប​ព្រះ​វិន័យ​ទេ តែ​ថែមទាំង​ក្លាយជា​បុណ្យប្រពៃណី​ខ្មែរ​ផងដែរ​។​

​ថ្វីដ្បិតតែ​វត្ត​មួយ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើបុណ្យ​កឋិន​លើសពី​មួយថ្ងៃ​ក៏ពិតមែន តែ​វត្ត​មួយ​អាច​ទទួលបាន​កឋិន​ច្រើន​លើសពី​មួយ​បាន​។ វត្ត​ខ្លះ អាចមាន​កឋិន​ច្រើន​ហែ​ចូល ដោយមាន​ម្ចាស់​ផ្សេងៗ​គ្នា តែ​ពិធី​នេះ​ដាច់ខាត ត្រូវ​រៀបចំ​យ៉ាងណា​ឲ្យ​ចំ​ថ្ងៃ​ជាមួយគ្នា ដោយ​មិនអាច​ខុស​ថ្ងៃ​គ្នា​បានឡើយ​។ និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ ក្នុង​មួយ​វត្ត​អាចមាន​កឋិន​ប៉ុន្មាន​ក៏បាន​ដែរ តែ​ត្រូវ​ប្រារព្ធ​ឡើង​ជាមួយគ្នា​ក្នុង​ថ្ងៃ​តែមួយ​។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺថា បុណ្យកឋិន មិន​ត្រឹមតែ​ទាយក ទាយិកា​នោះទេ ដែល​អាច​ធ្វើបាន សូម្បីតែ​ព្រះសង្ឃ​ខ្លួនឯង​ផ្ទាល់ ក៏​អាច​ផ្តួចផ្តើម​ធ្វើជា​ម្ចាស់​បុណ្យកឋិន​បានដែរ​៕

អត្ថបទដែលជាប់ទាក់ទង
Open

Close