ចំណាត់ការលេីសំណុំរឿងពាក់ព័ន្ឋនឹង ករណី​ ការចាប់​ឃុំឃាំង​ និងការបង្ខាំងដោយខុសច្បាប់ ក្នុង Casino មួយនៅខេត្តប៉ៃលិន!

ខេត្តប៉ៃលិន៖ អ្នកនាំពាក្យសាលាដំបូងខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤ សាលាដំបូងខេត្តប៉ៃលិន បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២០៧ ចុះថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤ ទាក់ទិននឹងករណី ការចាប់ ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់(ស្ថានទម្ងន់ទោស), សមគំនិត ក្នុងអំពើ ការចាប់ ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់(ស្ថានទម្ងន់ទោស) និងបទលាក់បំបាំងតម្រុយ ដែលមាន ជនត្រូវចោទចំនួន ១២នាក់ មានដូចខាងក្រោម ៖

១-ឈ្មោះ LI YU ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)

២-ឈ្មោះ LUO FENG ឬ Tang Jing Yu ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន) ៣-ឈ្មោះ ZHANG YUE SEN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)

៤-ឈ្មោះ GHO YUN FEI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)

៥-ឈ្មោះ LIU HUA BING ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)

៦-ឈ្មោះ ហួន រតនៈ ហៅ ពិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)

៧-ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)

៨-ឈ្មោះ សុខ ចាន់ធី ហៅ ឆាយ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (គេចខ្លួន)

៩-ឈ្មោះ YAN CHANG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន (គេចខ្លួន)

១០-ឈ្មោះ XIAO SHA ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន (គេចខ្លួន)

១១-ឈ្មោះ SAI KYAWMIN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា (គេចខ្លួន)

១២-ឈ្មោះ សីប៉ាកី ហៅ បង១៨ ភេទប្រុស ជនជាតិចិន (គេចខ្លួន)

ប្រព្រឹត្តនៅបន្ទប់លេខ ០០៧ ជាន់ទី១ ក្នុងបរិវេណកាស៊ីណូ ក្រោន (វិចតូរីយ៉ា វ៉ាយ អ៊ុន សណ្ឋាគារ-កាស៊ីណូ) មានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បទ ល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៩,២៥៤ និងមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងដែលមាននៅក្នុងសំណុំរឿងព្រហ្មទណ្ឌខាងលើ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទទាំង៧នាក់ តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះ អាសន្នលេខ ៧៧៥, ៧៧៧, ៧៧៩, ៧៨១, ៧៨៣, ៧៨៥, ៧៨៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ទៅ ពន្ធនាគារខេត្តប៉ៃលិន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ រួចរាល់ហើយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។

អត្ថបទដែលជាប់ទាក់ទង
Open

Close