ខេត្តកំពង់ចាម៖ នារសៀលថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារខេត្ត មន្ត្រីបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមអញ្ជើញចុះពិនិត្យស្ថានភាពច្រាំង ដែលបានបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ។
គូរបញ្ជាក់ថា ច្រាំងទន្លេដែលបានបាក់ស្រុតខាងលើ មានបណ្ដោយប្រវែងប្រមាណ ៨០ម៉ែត្រ និងបានបាក់ស្រុតចូលក្នុងទន្លេ ទទឹងប្រវែង ១៥ ទៅ ២០ ម៉ែត្រ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រី និង លោកអភិបាលខេត្ត បានបន្តចុះពិនិត្យច្រាំងទន្លេ ដែលបានបាក់ស្រុតនាពេលកន្លងទៅ ស្ថិតនៅព្រំប្រទល់ឃុំមានជ័យ ដែលនៅសល់ចម្ងាយពីផ្លូវ 70B ប្រវែង២ ម៉ែត្រ ទៅ៣ម៉ែត្រប៉ុណ្ណោះ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានចាត់ឱុ្យមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអាជ្ញាធរខេត្តកំពង់ចាម ដើម្បីសិក្សាលទ្ធភាពក្នុងការស្តារ និងជួសជុលច្រាំងទន្លេឡើងវិញផងដែរ។