ប៉ូលិស បង្ហាញមុខ ជនសង្ស័យ ៥នាក់ ពាក់ព័ន្ធករណី លួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ពេលយប់ យ៉ាងសកម្ម ក្នុងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ជនសង្ស័យ ចំនួន៥នាក់ ដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋពេលយប់ យ៉ាងសកម្ម ត្រូវសមត្ថកិច្ចនគរបាលក្រុងស្ទឹងត្រែងធ្វើការបង្ក្រាបបាន និងបញ្ជូនខ្លួនបន្តទៅស្នងការនគរបាលខេត្តដើម្បីអនុវត្តនិតិវិធី។
ក្នុងសកម្មភាពបង្ហាញមុខជនសង្ស័យនៅអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង នៅថ្ងៃទី១៨ តុលាឆ្នាំ ២០២៤ល្ងាចម្សិលមិញ លោកវរៈសេនីយ៍ឯក ឈូកកុម៉ុល អធិការក្រុងស្ទឹងត្រែងបានបញ្ជាក់ថា តបតាមបណ្ដឹងប្រជាពលរដ្ឋករណីបាត់ម៉ូតូ កម្លាំងនគរបាលក្រុងបានសហការគ្នាជាមួយកម្លាំងប៉ុស្តិ មូលដ្ឋានតាមស្រាវជ្រាវ និងប្រមាញ់ជនសង្ស័យ ដែលលួចម៉ូតូប្រជាពលរដ្ឋ បានចំនួន៥នាក់ និងរឹមអូសយកម៉ូតូបានមកវិញចំនួន៤គ្រឿង។
លោកបន្តថា ក្រុមទាំងនេះជាក្រុមសកម្មដើរលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋដោយឥតរើសមុខ ដូចជា ម៉ូតូ -លួចកាត់ខ្សែភ្លើង -និងគាស់ផ្ទះលួចសម្ភារៈរបស់ប្រជាពលរដ្ឋផ្សេងៗទៀត ។
ការបង្ក្រាបបានជនសង្ស័យទាំងប្រាំនាក់នេះ នៅមាន២នាក់ទៀត បានាំយកម៉ូតូមួយគ្រឿងទៅលក់នៅភ្នំពេញ ហើយសមត្ថកិច្ចធ្វើការទំនាក់ទំនងគ្នា ជាមួយកម្លាំងជំនាញពាក់ព័ន្ធ ដើម្បីចាប់ខ្លួនជនសង្ស័យនោះយកអនុវត្តច្បាប់។
លោកអធិការក្រុង បន្ថែមថា បើបានដឹងពីមុខសញ្ញាចោរលួចចោរប្លន់នៅក្នុងមូលដ្ឋានត្រូវរាយការណ៍ជូនសមត្ថកិច្ច ដើម្បីយើងរួមគ្នាចាត់វិធានការឲ្យបានទាន់ពេលវេលា កុំឲ្យជនសង្ស័យទាំងនោះដើរធ្វើសកម្មភាពលួចទ្រព្យសម្បត្តិយើង។
សូមបញ្ជាក់ថា ជនសង្ស័យ០៥នាក់ ដែលឃាត់ខ្លួនបាន
ទី១.ឈ្មោះ លីពុត តុលា អាយុ ២២ ឆ្នាំជាមេខ្លោង ។
ទី ២ ឈ្មោះ សាយនីត ១៧ ឆ្នាំ មានប្រើប្រាស់គ្រឿងញៀនបន្ថែមទៀត។
ទី៣. ឈ្មោះឈុំដូរ៉ូន ១៨ ឆ្នាំ។
ទី.៤ ឈ្មោះវ៉ាន់វ៉ារី អាយុ ១៨ឆ្នាំ។
និងទី៥ ឈ្មោះអ៊ូន បញ្ញា អាយុ ១៨ ឆ្នាំ អ្នកទាំង៥រស់នៅក្នុងក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ចំណែក ជនសង្ស័យពីរនាក់ ទៀតជាគូកន បានយកម៉ូតូចំនួនមួយគ្រឿងជិះទៅលក់នៅឯភ្នំពេញ ហើយសមត្ថកិច្ច និងបន្តធ្វើការស្រាវ ជ្រាវ ៕ ដោយ ៖ អ៊ុល គឹមលាង