ច្បាស់ការហើយ! ករណី ជនជាតិចិន បាញ់សម្លាប់គ្នា នៅក្នុងបន្ទប់ នៃភោជនីយដ្ឋាន មួយកន្លែង មិនមែននៅកម្ពុជាទេ!

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ បញ្ជាក់ថា កាលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ មានការភ្ញាក់ផ្អើលតាមបណ្តាញសង្គមពាក់ព័ន្ធនឹងវីដេអូ ជនជាតិចិនមួយក្រុម បានបាញ់ប្រហារទៅបុរសម្នាក់ជនជាតិចិនដូចគ្នា ក្នុងបន្ទប់ភោជនីយដ្ឋានមួយកន្លែង ។

ក្រោយពីទទួលបានដំណឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបញ្ជាផ្ទាល់ដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវជាបន្ទាន់ ពេលនោះឃើញថា វីដេអូនេះពិតជាកើតមានឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ប្រាកដមែន ប៉ុន្តែមិនមែនស្ថិតនៅប្រទេសកម្ពុជានោះទេ គឺបានកើតឡើងនៅហាងចិនឈ្មោះ Xiaojungan, តំបន់ Makati ប្រទេសហ្វីលីពីន ។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែខិតខំប្រឹងប្រែងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ជានិច្ច ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់អ្នកនិយមប្រើប្រាស់បណ្តាញសង្គម កុំធ្វើការបង្ហោះ ប្ញ ចែកចាយបន្ត ដើម្បីកុំឲ្យមានភាន់ច្រឡំ និងបង្កជាអសន្តិសុខសង្គម មិនត្រឹមតែប៉ុណ្ណោះអ្នកបង្ហោះឫសចែកចាយអាចប្រឈមនិងការអនុវត្តច្បាប់៕

អត្ថបទដែលជាប់ទាក់ទង
Open

Close