ខេត្តប៉ៃលិន ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តប៉ៃលិន មានកិត្តិយសសូមជម្រាបជូនដល់សាធារណៈជន មេត្តាជ្រាបថា៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានទទួល និងចាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ ២០៧ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលមានជនសង្ស័យចំនួន ០៧នាក់៖ ១-ឈ្មោះ LI YU ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន, ២-ឈ្មោះ LOU FENG ហៅ Tang Jing Yu ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិចិន, ៣-ឈ្មោះ ZHANG YUESEN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន, ៤-ឈ្មោះ GUO YUNFEI ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន, ៥-ឈ្មោះ LIU HUA BING ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន, ៦-ឈ្មោះ ហួន រតនៈ ហៅ ពិ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ៧-ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវបានសង្ស័យថា បានប្រព្រឹត្ត ការចាប់ឃុំឃាំង និងបង្ខាំង មនុស្សដោយខុសច្បាប់ (មានស្ថានទម្ងន់ទោស) ជំរិតទារប្រាក់ដោយធ្វើទារុណកម្មបណ្តាលឱ្យជនរងគ្រោះឈ្មោះ ZHOU CHUNHUA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន យកទៅបង្ខាំងដើម្បីទទួលបានផលប្រយោជន៍ពីជនរងគ្រោះ ជាថ្នូរនឹងការ ដោះលែងឱ្យមានសេរីភាព ។ ក្រោយមក ក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្ត ប៉ៃលិន បន្ទាប់ពីមានពាក្យបណ្តឹងរបស់ជនរងគ្រោះ ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីតំណាងអយ្យការ បានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងស្តាប់ចម្លើយ ជនសង្ស័យទាំងអស់ខាងលើឃើញថា៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្រុមជនសង្ស័យ និងបក្ខពួក ដោយមានឈ្មោះ XIAO SHA ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន (ជាមេក្លោង) បានបញ្ជាឱ្យបក្ខពួកខ្លួនចំនួន ០៨នាក់ រួមមាន៖ ១-ឈ្មោះ LI YU ភេទប្រុស ជនជាតិចិន ២-ឈ្មោះ LOU FENG ហៅ Tang Jing Yu ភេទប្រុស ជនជាតិចិន, ៣-ឈ្មោះ ZHANG YUESEN ភេទប្រុស ជនជាតិចិន ៤-ឈ្មោះ LIU HUA BING ភេទប្រុស ជនជាតិចិន និងបក្ខពួក ជាអញ្ញាតជន បានធ្វើសកម្មភាព ចាប់ឃុំឃាំង បង្ខាំង ជនរងគ្រោះ ឈ្មោះ ZHOU CHUNHUA ភេទប្រុស ជនជាតិចិន ដោយតម្រូវឱ្យជនរងគ្រោះប្រគល់ប្រាក់ឱ្យទៅពួកខ្លួនចំនួន USD២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក ជាថ្នូរក្នុងការដោះលែង ហើយប្តូរគ្នាវាយប្រើហិង្សា ដោយដាក់ខ្នោះដៃ និងវាយ ដោយបំពង់ទុយោ និងដំបងឆក់ បណ្តាលឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ រហូតបាត់បង់ជីវិត ។ ដោយឡែក ឈ្មោះ ហួន រតនៈ ហៅ ពិ, ឈ្មោះ ជា រិទ្ធី, ឈ្មោះ GUO YUNFEI ភេទប្រុស ជនជាតិចិន និងឈ្មោះ YAN CHANG ភេទប្រុស ជនជាតិចិន បានព្យាយាមបិទបាំងពីតម្រុយនៃបទល្មើស ដោយពុំព្រមសហការណ៍ផ្តល់ចម្លើយការពិតភ្លាមៗនោះទេ នៅពេលសមត្ថកិច្ច សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ។ ប៉ុន្តែ ក្រោយពេលសមត្ថកិច្ចស្រាវជ្រាវបន្ត និងចាប់ឃាត់ខ្លួនបាន ទើបផ្តល់ចម្លើយប្រាប់នូវរឿងហេតុដែលខ្លួនបានបិទបាំងនោះ និងមិនបានប្តឹងបរិហារដល់សមត្ថកិច្ចផងដែរ ។
ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអម សាលាដំបូងខេត្តប៉ៃលិន បានសម្រេចបើកការ ស៊ើបសួរតាមរយៈ ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ(ចោទប្រកាន់) លេខ ១៩០ អយឃ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយស្នើសុំចៅក្រមស៊ើបសួរ ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ និងឃុំខ្លួនលើ៖
១-ឈ្មោះ LUO FENG ឬ Tang Jing Yu ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ចិន (ឃាត់ខ្លួន)
២-ឈ្មោះ LI YU ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន (ឃាត់ខ្លួន)
៣-ឈ្មោះ ZHANG YUESEN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ចិន (ឃាត់ខ្លួន)
៤-និងបក្ខពួក
ពីបទ៖ ការចាប់ ការឃុំឃាំង និងការបង្ខាំងដោយខុសច្បាប់ (ស្ថានទម្ងន់ទោស) ប្រព្រឹត្តនៅ បន្ទប់លេខ ០០៧ ជាន់ទី១ ក្នុងបរិវេណកាស៊ីណូ ក្រោន (វិចតូរីយ៉ា វ៉ាយ អ៊ុន សណ្ឋាគារ-កាស៊ីណូ) មានទីតាំងស្ថិតនៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមាន ចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៥៤ នៃក្រមព្រហ្មទណ្ឌ ។
៥-ឈ្មោះ GHO YUN FEI ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន (ឃាត់ខ្លួន)
៦-ឈ្មោះ ហួន រតនៈ ហៅ ពិ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
៧-ឈ្មោះ ជា រិទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)
៨-ឈ្មោះ LIU HUA BING ភេទប្រុស អាយុ ២៣ឆ្នាំ (ឃាត់ខ្លួន)
៩-និងបក្ខពួក ពីបទៈ បទលាក់បំបាំងតម្រុយ ប្រព្រឹត្តនៅ បន្ទប់លេខ ០០៧ ជាន់ទី១ ក្នុងបរិវេណកាស៊ីណូ ក្រោន (វិចតូរីយ៉ា វ៉ាយ អ៊ុន សណ្ឋាគារ-កាស៊ីណូ) មានទីតាំងស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ ។
អាស្រ័យហេតុនេះ សូមសាធារណៈជន មេត្តាជ្រាបជាព័ត៌មានតាមការគួរ ។