ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូនលោកបណ្ឌិត Zhan David នាយកប្រតិបត្តិក្រុមហ៊ុន Cambodia Angkor Air និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖នារសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជម្រាបជូនពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហាប្រឈម និងស្នើសុំអនុសាសន៍លើគម្រោងផែនការអាជីវកម្មរបស់ក្រុមហ៊ុននាឆ្នាំខាងមុខដែលគ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។

ក្នុងជំនួបនេះ ក្រុមហ៊ុនបានគោរពស្នើសុំប្រគល់យន្តហោះថ្មីមួយគ្រឿងក្នុងចំណោមយន្តហោះចំនួន៥គ្រឿងដែលក្រុមហ៊ុននឹងទិញជូនក្រសួងទេសចរណ៍ប្រសិទ្ធិនាម និងដាក់ស្លាកផ្សាយពាណិជ្ជកម្មលើតួយន្តហោះ ហើយក្រសួងក៏បានឯកភាពតាមសំណើរបស់ក្រុមហ៊ុន។ លោកបណ្ឌិត ក៏សូមសន្យាជូនឯកឧត្តមរដ្ឋមន្រ្តីនឹងជួយបន្តផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនចិនឱ្យបានទូលំទូលាយ និងរៀបចំវេទិកាជំនួបធុរកិច្ចរវាងវិនិយោគិនចិន ដើម្បីទាក់ទាញវិនិយោគបន្ថែមពីប្រទេសចិននៅកម្ពុជា។

អត្ថបទដែលជាប់ទាក់ទង
Open

Close