រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងពិធីនេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធផលការងារជាច្រើន ដែលគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ ឯកឧត្តម លី ច័ន្ទតុលា សម្រេចបានក្នុងរយៈពេល ២ អាណត្តិ គឺអាណត្តិទី១៣ និងអាណត្តិទី១៤ កន្លងទៅនេះ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញការងារបម្រើឱ្យវិស័យយុតិ្តធម៌ ជាពិសេសការលើកកម្ពស់សមត្ថភាព និងតម្លៃវិជ្ជាជីវៈមេធាវី និងស្ថាប័នគណៈមេធាវី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះឯកឧត្តម សាំង វណ្ណៈ ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជាប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី១៥ និងអបអរសាទរចំពោះមេធាវីជ័យលាភីទាំង ៣៣ រូប ដែលត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្រជាសមាជិកក្រុមប្រឹក្សាគណៈមេធាវី សម្រាប់អាណត្តិទី១១។ ជាមួយគ្នានេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការសង្ឃឹម និងជឿជាក់ថា ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាអាណត្តិទី១១ ដែលទើបនឹងជាប់ឆ្នោតនេះ នឹងខិតខំអនុវត្តតួនាទីដ៏មានសារៈសំខាន់របស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ឧត្តមភាព កិត្យានុភាព និងវិបុលភាពនៃវិជ្ជាជីវៈមេធាវី ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យយុតិ្តធម៌ និងការពង្រឹងនីតិរដ្ឋនៅកម្ពុជា ស្របតាមទិសដៅកែទម្រង់មុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ឆ្នើម។
ក្នុងឱកាសនេះផងដែរ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសរំលេច និងបញ្ជាក់ថា ក្នុងរយៈពេល ១ ឆ្នាំ នៃការចូលកាន់តំណែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងយុត្តិធម៌បានខិតខំអនុវត្តសកម្មភាពការងាររបស់ខ្លួនយ៉ាងសកម្ម ជាពិសេសលើការងារពាក់ព័ន្ធនឹងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជា ការពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ជាអាទិ៍៖
(១)-អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ដ.ក. ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីជាយន្តការបំពេញបន្ថែមឱ្យយន្តការដោះស្រាយវិវាទដែលមានស្រាប់នៅកម្ពុជា សំដៅលើកកម្ពស់គុណភាព, ប្រសិទ្ធភាព និងនិរន្តរភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងបង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន, សម្រុះសម្រួលដោះស្រាយវិវាទមួយដែលអាចធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ និងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមតុលាការ។ គិតរហូតមកទល់ពេលនេះ, អ.ដ.ក. បាននិងកំពុងខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្ម និងបាននិងកំពុងទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។
(២)-ក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ គឺ៖ “យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលជាបំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការលើកកម្ពស់ “គោលការណ៍នីតិរដ្ឋ” និង “យុត្តិធម៌នៅក្នុងសង្គមជាតិ”។ យុទ្ធនាការទាំង ២ នេះ បានក្លាយជា “ច្រកផ្លូវការ” មួយ សម្រាប់ប្រជាពលរដ្ឋ អាចដាក់ពាក្យបណ្តឹងមកក្រសួងយុត្តិធម៌ ដើម្បីឱ្យយន្តការទទួលបន្ទុកជួយជំរុញ និងជួយត្រួតពិនិត្យនិងដោះស្រាយរកយុត្តិធម៌ ក្នុងករណីដែលខ្លួនយល់ថាចំណាត់ការរបស់តុលាការចំពោះសំណុំរឿងរបស់ខ្លួនមានភាពយឺតយ៉ាវ និងសម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះដោយអយុត្តិធម៌ដោយការរំលោភបំពានដោយខុសច្បាប់នៅក្នុងសង្គម ឬដោយសារមានភាពមិនប្រក្រតីនៅតាមតុលាការ។ ផ្អែកតាមលទ្ធផលរយៈពេល ៩ ខែ នៃការអនុវត្តយុទ្ធនាការទាំង ២ នេះ ទាំងស្ថាប័នតុលាការ ទាំងយន្តការនៃការអនុវត្តយុទ្ធនាការបានខិតខំអនុវត្តតួនាទីរបស់ខ្លួនយ៉ាងសកម្មដោយសម្រេចបានជាអតិបរមានូវការដោះស្រាយពាក្យបណ្ដឹង និងពាក្យសុំអន្តរាគមន៍ដោយផ្អែកតាមច្បាប់ និងនីតិវិធីជាធរមាន។
ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមេធាវីទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន រួមមាន៖
(១)-មេធាវីគ្រប់រូបត្រូវគោរពឱ្យបានត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងត្រូវរក្សាឱ្យបាននូវគោលការណ៍សុចរិតភាព និងភាពស្មោះត្រង់ ដើម្បីជួយរកយុតិ្តធម៌ជូនប្រជាពលរដ្ឋ ក៏ដូចជាដើម្បីការពារ និងលើកកម្ពស់កិតិ្តយស សេចក្តីថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈមេធាវី។
(២)-មេធាវីគ្រប់រូបគប្បីបន្តយកចិត្តទុកដាក់ក្នុងការពង្រឹង និងបង្កើនសមត្ថភាពជាប្រចាំ ទាំងលើសមត្ថភាពបច្ចេកទេស ភាសា និងបច្ចេកវិទ្យា ដើម្បីភាពរឹងមាំនៃសមត្ថភាពខ្លួនឯងផង និងដើម្បីលើកកម្ពស់វិជ្ជាជីវៈមេធាវីផង។
(៣)-សូមមេធាវីគ្រប់រូបបន្តចូលរួម និងគាំទ្របន្ថែមទៀតដល់យន្តការប្រឹក្សាយោបល់ផ្នែកច្បាប់ និងការផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រដោយឥតគិតកម្រៃ ដើម្បីលើកកម្ពស់សិទ្ធិទទួលបានយុតិ្តធម៌របស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋក្រីក្រដែលខ្វះលទ្ធភាពផងដែរ។
(៤)-សូមមេធាវីគ្រប់រូបបន្តចូចូលរួម និងផ្តល់កិច្ចសហការឱ្យបានពេញលេញបន្ថែមទៀតក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ” និង“យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ សំដៅរួមចំណែកលើកកម្ពស់ “យុត្តិធម៌នៅក្នុងសង្គម” និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើវិស័យយុត្តិធម៌របស់កម្ពុជា។