ខេត្តកណ្តាល៖ ផេក Child Protection Unit បញ្ជាក់ថា បុរស អាយុ៣១ឆ្នាំ ត្រូវបានឃាត់ខ្លួនពីបទរំលោភសម្លាប់ ទៅលើកុមារីអាយុ៨ឆ្នាំ។
ជាលទ្ធផលនៃការស៊ើបអង្កេតដោយក្រុមការងារចម្រុះ FOXTROT24 យើងអាចរាយការណ៍ជូនមហាជនថា បុរសម្នាក់មានអាយុ៣១ឆ្នាំ រស់នៅក្នុងស្រុកពញ្ញាឮ ខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ពាក់ព័ន្ធករណីរំលោភសម្លាប់ទៅលើកុមារីអាយុ៨ឆ្នាំម្នាក់ ដែលសាកសពនោះត្រូវបានរកឃើញកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។ យើងក៏អាចបន្ថែមថាកុមារីរងគ្រោះមានពិការភាពពីកំណើត ធ្វើអោយខ្សោយបញ្ញាដោយជម្ងឺដោនស៊ីនដ្រូម (Down Syndrome) ដែលបង្កអោយមានកម្រិតក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ។
ខ្ញុំសូំយកឱកាសនេះដើម្បីថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ ចំពោះការគាំទ្រក្នុងការស៊ើបអង្កេតមួយនេះ។ ខ្ញុំក៏សូមថ្លែងអំណរគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចំពោះការដឹកនាំការងារស៊ើបអង្កេត និងមន្ត្រីនគរបាលខេត្តកណ្តាលទាំងឡាយដែលបានប្រតិបត្តិការស៊ើបអង្កេតដ៏ល្អប្រសើរ ដើម្បីឈានមកដល់ដំណាក់កាលកំណត់អត្តសញ្ញាណ និងឃាត់ខ្លួនជនសង្ស័យដែលបានប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះទៅលើកុមារីស្លូតត្រង់ម្នាក់។
កិច្ចសហការដ៏ល្អរវាងស្ថាប័ន្នពាក់ព័ន្ធបាននាំមកនូវការឃាត់ខ្លួនក្នុងពេលវេលាដ៏ខ្លី។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីទទួលទោសចំពោះមុខច្បាប់ ពីបទឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ និងបទឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ។ បទល្មើសទាំងនេះ គឺមានទោស ជាប់ពន្ធនាគារ អស់មួយជីវិត។
ក្រុមការងារយើងសូមថ្លែងនូវការសោកស្តាយជូនដល់ក្រុមគ្រួសាររងគ្រោះ និងមិត្តភក្តិទាំងអស់គ្នា។