សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ទទួលទេយ្យទានសប្បុរសធម៌ពី ព្រះចៅអធិការវត្តវិមានតេជៈ ហៅវត្តស្រះចក
ភ្នំពេញ៖ នាល្ងាចថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤នេះ នៅវត្តវិមានតេជៈ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម សុខ ពេញវុធ តំណាងឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានអញ្ជើញទៅទទួលទេយ្យទានសប្បុរសធម៌ពីសម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះអនុប្រធានថេរសភាពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តវិមានតេជៈ ហៅវត្តស្រះចក ។
នាឱកាសនោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា បានមានសង្ឃដីកាថា ដោយបានឃើញពីសកម្មភាពមនុស្សធម៌យ៉ាងសកម្មរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានធ្វើឱ្យព្រះអង្គសព្វព្រះទ័យយ៉ាងក្រៃលែង ក្នុងការបន្តគាំទ្រ និងចូលរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្លានេះ សំដៅជួយសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋយេីងដែលងាយរងគ្រោះ និងរងគ្រោះដោយប្រការផ្សេងៗ ។
ជាការឆ្លើយតប ក្នុងនាម ឯកឧត្តម ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ឯកឧត្តម សុខ ពេញវុធ បានមានប្រសាសន៍ពាំនាំនូវសេចក្តីផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសូមថ្លែងអំណរព្រះគុណ អំណរគុណចំពោះ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះសង្ឃ គណៈកម្មការ អាចារ្យ វត្តទាំងអស់ ដែលតែងតែបានបរិច្ចាគទេយ្យទានជារៀងរាល់ឆ្នាំមិនដែលខកខាន ចូលរួមចំណែកជាមួយសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដើម្បីសាខាកាន់តែមានលទ្ធភាពបន្ថែមនាំយកទៅចាត់ចែងចែកជូនបន្តដល់ប្រជាពលរដ្ឋដែលជួបប្រទះនូវការលំបាក និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗជាដើម។ល។
ឯកឧត្តមបានបន្តថា ជាការពិតណាស់វិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ជាក់ស្តែងដូចជាទេយ្យទាននេះជាដើម គឺពុទ្ធបរិស័ទបាននាំយកមកប្រគេនព្រះសង្ឃ ហេីយពេលព្រះសង្ឃឃេីញប្រជាពលរដ្ឋជួបទុក្ខលំបាក ព្រះអង្គក៏បានប្រគល់បន្តតាមរយៈកាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ពួកគាត់ ដែលនេះជាវប្បធម៌នៃការចែករំលែកល្អក្នុងការជួយគ្នាទៅវិញទៅមករបស់ប្រជាជនខ្មែរយេីង ។ ឯកឧត្តមក៏បានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះជួយឱ្យចំគោលដៅដល់ដៃជនរងគ្រោះគ្រប់ប្រភេទ ឱ្យស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលសាខាបានទទួលរួមមាន៖ អង្ករ២តោន ទឹកដោះគោ២០០កំប៉ុង ស្ករស២០០គីឡូក្រាម មី១៧កេសធំ ត្រីខ២០០កំប៉ុង ទឹកត្រី៥០យួរ ទឹកស៉ីអ៉ីវ៥០យួរ ទឹកក្រូច៣០កេស សម្ភារៈប្រើប្រាស់២០សម្រាប់ និងថវិកាចំនួន៤លានរៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹង២៧.៨៦០.០០០រៀល ៕