ក្រោយគេបង្ហោះ វីដេអូ ពីទីតាំង ជល់មាន់! ស្នងការខេត្តកំពង់ចាម ចាត់កម្លាំងចុះដល់ ហើយបញ្ជាក់ថា ទីតាំងល្បែងខាងលើ ស្ថិតក្នុងដែនសមត្ថកិច្ចខេត្តកំពង់ធំ!

ខេត្តកំពង់ចាម៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមឆ្លើយតប និងបដិសេធចំពោះការចុះផ្សាយលើគេហទំព័រឈ្មោះ Pheng Vannak News ពាក់ព័ន្ធនឹង ករណី លួចលេងល្បែងសុីសងខុសច្បាប់ ជល់មាន់ភ្នាល់ដាក់ប្រាក់មួយកន្លែង ដែលមិនស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាមឡើយ ។

ក្រោយទទួលបានពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញ នៃអធិដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងដូចដែលបានចុះផ្សាយ ។

ជាលទ្ធផល បានពិនិត្យឃើញថា ទីតាំងនោះ មិនស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាមឡើយ គឺនៅចំណុចចំការស្វាយចន្ទី តំបន់អូរកែងទាត់ ស្ថិតក្នុងភូមិជាយក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយជាង៣គីឡូម៉ែត្រ ពីព្រុំប្រទល់ភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ហើយទីតាំងនេះ មានការលេងល្បែងជល់មាន់ រយៈពេល ពីរទៅបីថ្ងៃមុននេះ ប៉ុន្តែ បច្ចុប្បន្ន មិនមានសកម្មភាព លេងល្បែង បន្តទៀតឡើយ ។

បច្ចុប្បន្នលោកឧត្តមសេនីយ៍ស្នងការ បានចាត់កម្លាំងល្បាតឃ្លាំមើល បើមានសកម្មភាពបទល្មើសណាមួយក្នុងភូមិសាស្រ្តខេត្តកំពង់ចាម សមត្ថកិច្ចយើងនឹងចាប់វិធានការបង្ក្រាប ឱ្យខានតែបាន ។

ជុំវិញ ករណី ខាងលើ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បញ្ជាក់ប្រាប់ TNN NEWS នារសៀលថ្ងៃទី១៥ តុលា ២០២៤ នេះ សំរាប់ទីតាំងខាងលើ លោក​​​ បានបញ្ជា លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការខេត្តកំពង់ធំ ចុះបង្ក្រាប ប្រហែល ៥លើក រួចមកហើយ។

អត្ថបទដែលជាប់ទាក់ទង
Open

Close