លោក ហាន កុសល ៖ ស្នើសុំទៅដល់ រដ្ឋបាលឃុំ-សង្តាត់ នៅពេលដែលមានការសំណូម ពីប្រជាពលរដ្ឋ នូវតម្រូវការចាំបាច់របស់ពួកគាត់សុំជួយដោះស្រាយបញ្ហាទាំងអស់នោះ ឲ្យបានទាន់ពេលវេលា…!
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ពេលវេលាកំណត់ធ្វើរបាយការណ៍ត្រឹមថ្ងៃទី៣០ ខែតុលា ដូច្នេះសូមឲ្យមន្ទីរអង្គភាព ទាំងអស់ ដែលនៅសេសសល់ជួយពន្លឿនធ្វើរបាយការណ៍រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ឲ្យបានលឿនរហ័ស ដើម្បីមានពេលវេលាគ្រប់គ្រាន់សម្រាប់ធ្វើបទបង្ហាញជូនគណៈកម្មការមកពីថ្នាក់ជាតិ។
លោកអភិបាលរង ក៏បានជំរុញទៅដល់មន្ទីរអង្គភាពដែលមិនទាន់បានធ្វើរបាយការណ៍ជូនគណៈកម្មការ សុំរួសរួនធ្វើរបាយការណ៍ឲ្យបានទាន់ពេលវេលា ដោយកំណត់យកត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៣រសៀល ប្រសិនបើពុំទាន់ពេលវេលាកំណត់ នឹងត្រូវទទួលខុសត្រូវចំពោះគណៈកម្មការថ្នាក់ជាតិដោយខ្លួនឯង។
លោកអភិបាលរងខេត្ត បានបន្តថា ចាប់តាំងពីមានកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ មក រាជរដ្ឋា ភិបាល ក្រសួង ស្ថាប័ននានា រួមទាំងក្រសួងមហាផ្ទៃផងដែរ បានផ្ទេរមុខងារ សិទ្ធិអំណាច និងធនធានមួយ ចំនួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយកិច្ចការនេះបានរៀបចំឡើងជាជំហានៗ តាមដំណាក់កាលនីមួយៗ ដោយមានការពិភាក្សា ការពិគ្រោះយោបល់ និងការឯកភាពស្រុះស្រួលគ្នា។
លោក ហាន កុសល បានឲ្យស្នើរសុំទៅដល់ រដ្ឋបាលឃុំ-សង្តាត់ នៅពេលដែលមានការសំណូមពីប្រជាពលរដ្ឋ នូវតម្រូវការចាំបាច់របស់ពួកគាត់សុំជួយដោះស្រាយបញ្ហាទាំងអស់នោះ ឲ្យបានទាន់ពេលវេលា ប៉ុន្តែ បើសិនតំរូវការរបស់ប្រជាពលរដ្ឋមានលក្ខណៈធំ ហួសលទ្ធភាពដោះស្រាយ សុំលើកយកនូវតំរូវការនោះ ទៅកាន់រដ្ឋបាលក្រុង-ស្រុក ដើម្បីឲ្យពួកគាត់មានលទ្ធភាពដោះស្រាយបន្តជូនប្រជាពលរដ្ឋ។
ដោយ ៖ ភ័ណ្ឌ ប៉ាង