ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ
មណ្ឌលគិរី ៖ នៅថ្ងៃទី ១១ តុលា ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអញ្ជើញមកផ្ទាល់ដើម្បីថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននៅស្រុកកោះញែកដែលបានចូលរួមក្នុងការងារចុះបញ្ជីដីបង្ហើយ ដើម្បីទទួលបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់កម្មសិទ្ធស្របច្បាប់។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ រដ្ឋបាលខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មេភូមិ មេឃុំ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានបំពេញបេសកកម្មដ៏វិសេសវិសាលថ្លៃថ្លាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តមណ្ឌលគិរី រហូតសម្រេចបាននូវការចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូននាពេលនេះ។ ការចុះបញ្ជីដីបង្ហើយ គឺដើម្បីធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យ បង្កើតនិងបង្កើនបរិយាកាសគ្មានវិវាទ ផ្តល់សេវាគាប់ចិត្តជូនប្រជាជន និងថែមទាំងរួមចំណែកបង្កើនចំណូលថវិកាជាតិផងដែរ។
ការងារចាំបាច់បន្តទៀត សូមចូលរួមគិតគូររៀបចំប្លង់គោលសម្រាប់ខេត្ត ដោយរៀបចំដីសម្រាប់កសិកម្ម លំនៅឋាន សួនច្បារ ព្រំប្រទល់ភូមិ ជាដើម ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងជៀសវាងបញ្ហាទៅមុខទៀត។
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្ថិតនៅភូមិឈួល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។