អនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាសីបូព៌ា និងប៉ាស៊ីហ្វិក៖ ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀតជាមួយរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក  ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ 

ក្នុងឱកាសនៃជំនួប, លោកស្រីអនុប្រធានធនាគារពិភពលោក បានសម្ដែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជាគោលនយោបាយគន្លឹះនៃការបង្កើតមូលដ្ឋានដ៏រឹងមាំ សម្រាប់សម្រេចបានចក្ខុវិស័យវែងឆ្ងាយ។ លោកស្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតី ថា ធនាគារពិភពលោក គ្រោយនឹងអនុម័តក្របខ័ណ្ឌភាពជាដៃគូសម្រាប់ប្រទេសកម្ពុជា ឆ្នាំ២០២៥-២០២៩ (CPF 2025-2029) នាពេលខាងមុខនេះ ដែលក្របខ័ណ្ឌថ្មីនេះនឹងរួមចំណែកយ៉ាងសំខាន់ដល់ការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជានាពេលអនាគត។  នៅចំពោះមុខនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចតំបន់ និងពិភពលោក, លោកស្រីបានលើកឡើងថា បណ្ដាប្រទេសនៅក្នុងតំបន់គួរតែពង្រឹងនូវឯករាជ្យភាពរបស់ខ្លួន ដោយត្រូវកំណត់ឱ្យបាននូវចលករនៃកំណើនថ្មីៗ សំដៅបន្តជំរុញកំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព និងភាពធន់។  ជាមួយគ្នានោះ លោកស្រីក៏បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា ធនាគារពិភពលោកនឹងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា។ 

ជាការឆ្លើយតប សម្ដេចបវរធិបតី បានគូសបញ្ជាក់ពីកម្មវិធីនយោបាយជាអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមានដូចជា៖ ការអភិវឌ្ឍមូលធនមនុស្ស, ការពង្រឹងគុណភាពនៃសេវាសុខាភិបាល និងការផ្ដោតយកចិត្តទុកដាក់លើការងារអប់រំបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាដើម ដែលទាំងនេះជាអាទិភាពចម្បង ក្នុងការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេចបវរធិបតី ក៏បានបន្ថែមទៀតថា កម្ពុជាបាន និងកំពុងសិក្សាអំពីអភិក្រមនៃការពិនិត្យតាមដានថាតើមានយុវជនកម្ពុជាប៉ុន្មានភាគរយដែលគួរបន្តការសិក្សានៅកម្រិតចំណេះដឹងទូទៅ និង ថ្នាក់ឧត្តមសិក្សា ហើយមានយុវជនប៉ុន្មានភាគរយ ដែលគួរសិក្សាជំនាញវិជ្ជាជីវៈ ដោយ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។  ទន្ទឹមនឹងនេះ, សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា កម្ពុជាបាននិងកំពុងពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន បានដាក់ចេញកម្មវិធីនៃការកែទម្រង់ស៊ីជម្រៅ  និងបានពង្រឹងវិស័យអាទិភាពនានាឱ្យកាន់តែល្អប្រសើរដើម្បីឱ្យក្លាយជាជន្ទល់ដែលមានភាពរឹងមាំ ក្នុងការទ្រងទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

អត្ថបទដែលជាប់ទាក់ទង
Open

Close