មេប៉េអឹម ផ្ទៃប្រទេស បង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេត ករណី ជនជាតិចិន ម្នាក់ស្លាប់…!
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលសរសេរថា “ប្រភពពីខេត្តប៉ៃលិន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះ ជនជាតិចិនឈ្មោះ Zhou Chunhua អាយុ៣៦ឆ្នាំ តាមរថយន្ត Alphard ពណ៌ស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ។ ក្នុងអំឡុងពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានមន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបឈ្មោះ សុផល បានទូរស័ព្ទទៅស្ដ្រីខ្មែរម្នាក់ជាប្រពន្ធជនរងគ្រោះឱ្យយកលុយចំនួន ២ម៉ឺនដុល្លារ មកដើម្បីដោះស្រាយរឿងប្តី។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ បានឱ្យបក្សពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រលប់ទៅកាស៊ីណូវិញ។ ប៉ុន្តែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទារុណកម្ម ជនរងគ្រោះក៏បានស្លាប់។”
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ មេត្តាជ្រាបថា៖
១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងលោកអនុសេនីយ៍ទោ ផូរ៍ សុផល នាយការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ជាងពេលយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានខាងកាស៊ីណូដឹកមនុស្សម្នាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ហើយបានប្រាប់ថា ជនជាតិចិននេះជាបុគ្គលិករបស់ក្រុមហ៊ុន បានលួចលុយក្រុមហ៊ុន ខាងក្រុមហ៊ុនមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយសារពេលយប់មិនមានអ្នកបកប្រែ មន្ត្រីនគរបាលយុត្តិធម៌មិនទាន់បានទទួលពាក្យបណ្ដឹង ហើយបុគ្គលជនជាតិចិននោះ ត្រូវបានរក្សាទុកសម្រាកក្នុងបន្ទប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លុះព្រឹកឡើងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញបានរកអ្នកបកប្រែ ហើយសួរបុគ្គលនោះអំពីដំណើរហេតុមួយហ៊ាន បានដឹងថា មិនមែនជាករណីលួចទេ គឺជាការជំពាក់ប្រាក់ ដូច្នេះមន្ត្រីជំនាញក៏មិនទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនទេ ព្រោះការជំពាក់ប្រាក់ជារឿងរដ្ឋប្បវេណី បន្ទាប់មកមន្ត្រីជំនាញបានទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូ ឱ្យមកយកបុគ្គលជនជាតិចិននោះទៅវិញ។
២. បុគ្គលឈ្មោះ Zhou Chunhua ពេលមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មិនមានស្នាមរបួស និងមិនបានធ្វើទារុណកម្ម ហើយនៅពេលប្រគល់ជូនទៅខាងក្រុមហ៊ុនកាស៊ីណូវិញ ក៏មិនមានរបួសធ្ងន់ធ្ងរទេ។ (សូមភ្ជាប់ជាមួយរូបថតជនរងគ្រោះ)
៣. ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ។ កងរាជអាវុធហត្ថ ស្នើសុំស្ដ្រីដែលជាប្រពន្ធរបស់ជនរងគ្រោះ និងបុគ្គលពាក់ព័ន្ធ សហការជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តនីតិវិធីករណីខាងលើនេះ។